មជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម បើកវគ្គបណ្តុះបណ្តាលដល់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងអាជីវកម្ម ដើម្បីបង្កើតផលិតភាព
(ភ្នំពេញ)៖ មជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម ដើម្បីបង្កើនផលិតភាព និងដំណើរការអាជីវកម្មនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរ បានរៀបចំសិក្ខាសាលាមួយ ស្តីពី «ប្រសិទ្ធភាពឧបបករណ៍ផលិតភាពប្រកបដោយបរិយាបន្ននៅក្នុងអង្គភាព» ដល់បុគ្គលិកវិស័យឯកជន មកពីតាមសហគ្រាសនានា។ អង្គសិក្ខាសាលានេះ បានរៀបចំការបណ្តុះបណ្តាលពីវិធីសាស្រ្ត ខាយហ្សិន ដែលជំរុញឲ្យមានការស្វែងយល់នូវស្ថានភាពដែលកំពុងកើតមាន និងដំណោះស្រាយបញ្ហាទាំងនោះ និងដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ ដល់បណ្តារោងចក្រ និងសហគ្រាស និងក្រុមហ៊ុនសេវាកម្មផ្សេងៗ ។ នៅក្នុងកម្មវិធីនោះ ក្រុមហ៊ុន គម្រូដែលធ្លាប់មានស្នាដៃ និងបានអនុវត្តន៍ជោគជ័យលើវិធីសាស្រ្តមួយចំនួនរបស់ផលិតភាពជាតិ ក៏បានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ដល់សិក្ខាកាមទាំងអស់ តាមរយៈកិច្ចពិភាក្សាក្នុងកម្មវិធីនោះផងដែរ។

លោក អ៊ុំ សេរីវុទ្ធ ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ បានថ្លែងថា សិក្ខាសាលាដែលប្រពឹត្តទៅនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងនេះ គឺធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងនៃការអនុវត្តមូលដ្ឋានគ្រឹះរបស់ផលិតភាព ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងអាជីវកម្មទាំងអស់បានយល់ដឹងបន្ថែមពីអត្ថប្រយោជន៍ នៃការអនុវត្តផលិតភាពតាមរយៈការកាត់បន្ថយភាពខ្ជះខ្ជាយ និងប្រើប្រាស់ធនធានឲ្យអស់ពីលទ្ធភាព នៅក្នុងផលិតកម្ម ឬដំណើរការអាជីវកម្ម ។ សិក្ខាកាមដែលចូលរួមនៅក្នុងកម្មវិធីនេះ គឺជាម្ចាស់ ឬតំណាងសហគ្រាស សិប្បកម្ម និងសេវាកម្ម នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនផងដែរ ។

ឯកឧត្តម យា ប៊ុនណា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានជំរុញ និងលើកទឹកចិត្តវិស័យឯកជន ជាពិសេសសហគ្រាធុនមីក្រូ តូច មធ្យម និងសិប្បកម្ម ឲ្យមានសមត្ថភាពរឹងមាំ ប្រកបដោយវឌ្ឍនភាព និងចីរភាព ។ ក្រសួងឧស្សាហកម្ម គឺជាតួអង្គសំខាន់ដែលមានទួនាទី រួមចំណែកជំរុញ និងផ្តល់ការគាំទ្រលើកិច្ចការទាំងនោះ តាមរយៈកម្មវិធីផ្សព្វផ្សាយ បណ្តុះបណ្តាលនានា ដើម្បីលើកកម្ពស់សមត្ថភាពវិស័យនេះ ឲ្យមានភាពរឹងមាំ ស្របតាមស្ថានភាពសេដ្ឋកិច្ចសាកល ។ កន្លងមក ក៏មានក្រុមហ៊ុន គម្រូ បានអនុវត្តន៍ជោគជ័យលើវិធីសាស្រ្តមួយចំនួនរបស់ផលិតភាព ក្រោមគម្រោងក្រុមហ៊ុនគម្រូ ដែលដឹកនាំ និងសម្របសម្រួលដោយមជ្ឈមណ្ឌលផលិតភាពជាតិ និងអង្គកាផលិតភាពអាស៊ី APO ផងដែរ ។
សូមបញ្ជាក់ថា កម្ពុជាដើម្បីជំរុញចលនាផលិតភាព ប្រកបដោយគុណភាព ប្រសិទ្ធភាព បានចូលជាសមាជិកអង្គការ APO តាំងពីឆ្នាំ២០០៤ ដោយតាមរយៈនោះបានទទួលអត្ថប្រយោជន៍ជាច្រើន ដូចជាការផ្តល់ចំណេះដឹងបច្ចេកទេស ការបណ្តុះបណ្តាល និងការអនុវត្តគម្រោងប្រកប ដោយនវានុវត្តន៍ ក្នុងវិស័យផលិតកម្ម សេវាកម្ម និងកសិកម្ម ។ ជាកិច្ចប្រឹងប្រែងក្នុងការងារនេះ ក្រសួងឧស្សាហកម្ម តាមរយៈមជ្ឈមណ្ឌលផលិតភាពជាតិ បានជំរុញចលនាផលិតភាព នៅតាមបណ្តាសហគ្រាសឯកជនជាដៃគូ និងសាកល្បងអនុវត្ត វិធីសាស្រ្តបង្កើនគុណភាព ផលិត ភាព ប្រសិទ្ធភាពការងារ តាមរយៈរូបភាព ជាវគ្គបណ្តុះបណ្តាល សិក្ខាសាលា ក៏ដូចជាគម្រោងក្រុមហ៊ុនគម្រូ ដែលបង្កលក្ខណៈឱ្យក្រុមហ៊ុនក្នុងស្រុកអាចរៀនសូត្រពីគ្នាទៅវិញទៅមក និងបញ្ជូនសិក្ខាកាមទៅរៀនសូត្រពីបណ្តាប្រទេសជាសមាជិកចំនួន២០ ដើម្បីអាចឈានទៅបង្កើនសមត្ថភាពប្រកួតប្រជែងថ្នាក់តំបន់ ឬសកលលោក ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ



