រថយន្តក្រុងសាធារណៈនឹងបើកប្រតិបត្តិការខ្សែរត់ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ – AIRPORT EXPRESS BUS

(ភ្នំពេញ)៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ថា (រ.ដ.ស) នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជូនដំណឹងដល់សាធារណជនជាតិ-អន្តរជាតិទាំងអស់មេត្តាជ្រាបថា ដើម្បីរួមចំណែកលើវិស័យដឹកជញ្ជូន ទេសចរណ៍ សេដ្ឋកិច្ច ក៏ដូចជាការបង្កលក្ខណៈជាជម្រើសងាយស្រួលមួយ ដល់ការធ្វើដំណើរតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F មកកាន់រាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យ រ.ដ.ស រៀបចំ ដាក់ដំណើរការប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ-AIRPORT EXPRESS BUS ចាប់ពី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រតិបត្តិការចាប់ពីម៉ោង ០៥:៣០នាទី ដល់ម៉ោង ២៣:៣០នាទី មានតម្រាយខ្សែរត់ ២ទិសដៅ ចេញដំណើរ ដូចខាងក្រោម៖

ទិសដៅទី១-ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាស មរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ទិសដៅទី២-ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង។

*កំណត់សម្គាល់ ៖ មានចំណតរង់ចាំរថយន្តក្រុងចំនួន ៤កន្លែង : សួនច្បារកាណាឌីយ៉ាទល់មុខរាជាយស្ម័យយាន កម្ពុជា (AEB01, AEB02) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (AEB03, AEB04) មហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ធនាគារប្រេដ BRED BANK (AEB05, AEB06) មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ផ្សារទំនើបអ៊ីអនមានជ័យ (AEB07, AEB08)៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner