ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរបញ្ជាក់ពីសារៈសំខាន់នៃទឹកចំពោះប្រាសាទបុរាណនៅតំបន់អង្គរ
(ភ្នំពេញ)៖ ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ ហៅកាត់ COMAPA ផ្សាព្វផ្សាយឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទនៅតំបន់អង្គរ បានឈ្វេងយល់ពីទឹកនៅតំបន់អង្គរ បានរៀបចំសិក្ខាសាលាស្តីពី«ទឹក និងប្រាសាទ» ។

ព្រះសច្ចានុបាល នឿម វុទ្ធី លេខាធិការក្រុមប្រឹក្សា COMAPA នៅសិក្ខាសាលា «ទឹក និងប្រាសាទ» ដែលបានធ្វើឡើងនៅវត្តប្រាសាទគោកចក ក្រុងសៀមរាប នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ បានថេរដីកាថា ទឹកជាបរិស្ថានដ៏សំខាន់មួយទៀត ផ្សារភ្ជាប់ខ្លួននឹងអង្គរ ជាមួយព្រៃឈើផងដែរ ។ ក្រៅពីនេះ ប្រព័ន្ធផ្លូវទឹកខ្វាត់ខ្វែង កសិណទឹក ស្រះបុរាណ ដែលមាននៅក្នុងឧទ្យានអង្គរ គេប្រៀបប្រដូចជាសរសៃឈាមនៃរាងកាយរបស់មនុស្សដែរ ជាពិសេស ទឹកក្នុងកសិណជុំវិញប្រាសាទនានា ជាប្រភពទឹកផ្ទុកនូវសំណើមជាប្រចាំ ថែរក្សា គ្រឹះប្រាសាទដែលជាខ្សាច់កុំឲ្យស្ងួតធ្វើឲ្យដួលរលំ ឬទ្រេតប្រាសាទ និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទ។ នៅអង្គរវត្ត បារាយណ៍ខាងលិច ឬបា រាយណ៍ទឹកថ្លា ដែលមានទំហំ ៨គមx ២.២គម ជាសំណល់នៃវិស្វកម្មធារាសាស្ត្រ ទុកប្រើប្រាស់ជាពិសេសសម្រាប់ការងារ កសិកម្មរហូតដល់សព្វថ្ងៃ ។ អាជ្ញាធរជាតិអប្សរា ដើម្បីឲ្យគ្រិះប្រាសាទកាន់តែរឹងមាំ បានជួសជុលបប្រព័ន្ធទឹកបុរាណ ដោយបានបញ្ចូលទឹកពេញបារាយ ណ៍ខាងជើង ក្រោយបារាយណ៍នោះបានរីងស្ងួតទឹកជាង ៥០០ឆ្នាំកន្លងមកនោះ ។ ក្រោយបង្ហូរទឹកចូលពេញបារាយណ៍រួច ទេសភាពនៅទីនោះ បានរំលេចឲ្យឃើញ សម្រស់នៃប្រាសាទនាគព័ន្ធ នៅចំកណ្តាលគួរឲ្យគយគន់ក្រៃលែង។ ព្រះសច្ចានុបាល នឿម វុទ្ធី បានមានថេរដីកាអំពាវនាវដល់ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់នៅតំបន់អង្គរ ត្រូវតែឈ្វេងយល់បានកាន់តែច្បាស់អំពីទឹក និងប្រាសាទ និងចូលរួមថែរក្សាទឹក ប្រភពទឹក និងប្រាសាទ ឲ្យបានគង់វង្សយូអង្វែង ។

ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធិ តំណាងព្រះប្រធាន COMAPA បានមានថេរដីកាផងដែរថា បច្ចុប្បន្ននេះ នៅក្នុងតំបន់អង្គរ មានវត្តព្រះពុទ្ធសាសនា និងអាស្រមនានាជិត៤០កន្លែង ភូមិក្នុងឧទ្យានអង្គរបច្ចុប្បន្នមាន១១៣ ភូមិ២១ ឃុំ សង្កាត់។ ភូមិទាំងនេះមានប្រជាជនរស់នៅតៗគ្នា រាប់ជំនាន់មកហើយ ដែលបានផ្តល់ឱ្យនូវលក្ខណៈពិសេសដល់ឧទ្យានអង្គរឱ្យទៅជាមត៌ករស់ ។ អ្នកស្រុកទាំងនោះ ត្រូវបានចាត់ទុកថា ជាបេតិកភណ្ឌដែរដោយសារអ្នកទាំងនោះបានថែរក្សាបេតិកភណ្ឌអរូបីដែលមានទំនៀមទម្លាប់ប្រពៃណី ពិធីបុណ្យទាន បន់ស្រន់ សាសនា ព្រមទាំងសិប្បកម្ម និងរបៀបរស់នៅប្រចាំថ្ងៃ តាំងពីយូរលង់មកហើយ ។

សូមបញ្ជាកថា ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ ត្រូវបានបង្កើតឡើង នៅឆ្នាំ២០១៣ ក្រោមការសម្របសម្រួលពីដៃគូរ អាជ្ញាធរជាតិអប្សរាធ្វើការជិតស្និទជាមួយព្រះសង្ឃ និងមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ។

ក្រុមប្រឹក្សានេះមានព្រះមេគណខេត្តសៀមរាបជាព្រះប្រធាន និងមានសមាសភាពមកពីស្ថាប័នជំនាញផ្សេងៗ អាចារ្យវត្តជាដើម ក្នុងគោលដៅថែរក្សាបេតិកភណ្ឌសាសនា សម្របសម្រួលទំនាក់ទំនងជាមួយវត្ត ទប់ស្កាត់ការសាងសង់ខុសច្បាប់ និងផ្តល់យោបល់លើបញ្ហាទាក់ទងនឹងវត្តអារាម ។ ក្នុងរយៈពេល១៣ឆ្នាំ ក្រុមប្រឹក្សាកិច្ចការវត្តអារាម ការចូលរួមយ៉ាងសកម្មរបស់ក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ វិស័យព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់សម្របសម្រួលកិច្ចការវត្តអារាម ក្នុងឧទ្យានអង្គរ ជាមួយកិច្ចការអភិរក្សបេតិកភណ្ឌ។ ក្នុងបរិបទការងារនេះ ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ ការអប់រំផ្សព្វផ្សាយ និងការចូលរួមផ្តល់ជាគំរូចំពោះសង្ឃ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ ៕
អត្ថបទ ៖ គង់ សុផុល
