រដ្ឋមន្ត្រីក្រសួងវប្បធម៌ អញ្ជើញប្រគល់ពានរង្វាន់ នៃមហោស្រពភាពយន្តកម្ពុជា អាស៊ី លើកទី៣
(ភ្នំពេញ)៖ កម្មវិធីមហោស្រពភាពយន្តកម្ពុជា អាស៊ី លើកទី៣ ឆ្នាំ២០២៥ បានផ្ដល់ពានរង្វាន់ជូនផលិតករ សិល្បករ សិល្បការិនី អ្នកជំនាញក្នុងវិស័យភាពយន្ត នារាត្រីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ក្រោមវត្តមានលោជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីលោកស្រី Holly Hong នាយិកាគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជា អាស៊ី លោកស្រី LIU Miaomiao ប្រធានគណៈមេប្រយោគនៃមហោស្រពភាពយន្តកម្ពុជា អាស៊ី, តំណាងក្រសួងការបរទេស, ក្រសួងទេសចរណ៍, ក្រសួងព័ត៌មាន, ក្រសួងបរិស្ថាន, ក្រសួងអប់រំ, សាលារាជធានីភ្នំពេញ ព្រមទាំងស្ថានទូតចិនប្រចាំកម្ពុជា, ផលិតករភាពយន្ត អ្នកដឹកនាំរឿង និងអ្នកជំនាញក្នុងឧស្សាហកម្មភាពយន្ត គណៈប្រតិភូភាពយន្តមកពីប្រទេសនានាក្នុងតំបន់អាស៊ី ប្រមាណ ៥០០នាក់ ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា ការរៀបចំមហោស្រពនេះ បានលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ ជាពិសេស លើវិស័យភាពយន្ត និងជាការផ្តល់ឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ សិល្បករ សិល្បការិនី និងអ្នកដែលមានអាជីព ក្នុងវិស័យភាពយន្ត បានជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធពីគ្នាទៅវិញទៅមក និងស្វែងរកឱកាសវិនិយោគថ្មីៗ បន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ ឧស្សាហកម្មភាពយន្ត និងវប្បធម៌នៃប្រទេសរបស់យើង ទាំងអស់គ្នា ។

លោកជំទាវសង្ឃឹមថា ភាពជាដៃគូដែលបានបង្កើតឡើង នៅទីនេះ នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការផលិត ការផ្លាស់ប្តូរបច្ចេកទេស និងការចែករំលែកភាពច្នៃប្រឌិតរួមគ្នា នៅក្នុងឧស្សាហកម្មភាពយន្តនាពេលអនាគត ដើម្បីរួមចំណែក ដល់ការលើកកម្ពស់កំណើនប្រកបដោយនិរន្តរភាពនៃវិស័យភាពយន្ត និងរក្សាបាននូវភាពសំបូរបែបនៃបេតិកភណ្ឌវប្បធម៌ របស់យើង។

មហោស្រពភាពយន្តកម្ពុជាអាស៊ី បានទទួលស្នាដៃភាពយន្ត ចូលរួម ចំនួន១៥០ចំណងជើង ក្នុងនោះមានភាពយន្តខ្នាតវែង ចំនួន ៦០ចំណងជើង និងភាពយន្តខ្នាតខ្លីចំនួន ៩០ចំណងជើង។ ពានរង្វានសរុបចំនួន ១៩ពាន បានផ្តល់ជូនផលិតករ អ្នកនិពន្ធ អ្នកដឹកនាំរឿង ព្រមទាំងតារាសម្តែងឆ្នើម ក្នុងនោះ ភាពយន្តខ្នាតខ្លីកម្ពុជា មានចំណងជើងថា Respoken បានទទួលពានរង្វាន់ Best Short Film Director និង ពានរង្វាន់ Best Short Film ចំណែកភាពយន្តរឿង ភ្លើងឆេះក្លឹបក្រោមដី របស់ផលិតកម្មអិលឌី អេនធើធេនម៊ិន បានទទួលបានពានរង្វាន់តួឯកស្រីឆ្នើម (Best Leading Actress) ដែលមានកញ្ញា ជា សុភាព ជាតួសម្តែងផងដែរ ។

អ្នកដឹកនាំរឿង និងជាផលិតករភាពយន្ត ហើយក៏ជាតារាសម្ដែងរបស់ប្រទេសវៀតណាម ដែលបានឈ្នះពានរង្វាន់ផ្នែកតន្ត្រីភាពយន្តល្អជាងគេ បានអរគុណក្រុមការងាររៀបចំនៃមហោស្រពភាពយន្តកម្ពុជា អាស៊ីផងដែរ ពិសេស គណៈកម្មការ និងកោតសរសើរទៅដល់ការរៀបចំបានល្អ ហើយរំពឹងថា នឹងអាចមានកិច្ចសហការគ្នានាពេលអនាគត ។
កញ្ញា ជា សុភាព បានបង្ហាញនូវភាពភ្ញាក់ផ្អើលដែលកម្មវិធី មហោស្រពភាពយន្តកម្ពុជាអាស៊ី បានរៀបចំឡើងយ៉ាងល្អ ហើយសង្ឃឹមថា និងមានកម្មវិធីនេះនាឆ្នាំក្រោយៗទៀត ដោយនៅតែមានភាពយន្តខ្មែរ ទទួលបានពានរង្វាន់ជាបន្តបន្ទាប់ទៀត ។ កញ្ញា ក៏បានអរគុណដល់ទស្សនិកជន ចំពោះការគាំទ្រភាពយន្តខ្មែរ ដើម្បីឲ្យភាពយន្តខ្មែរ បាននាំទៅឆាកអន្តរជាតិ និងកាន់តែទូលំទូលាយជាងនេះថែមទៀត ។
ម្ចាស់ពានភាពយន្តដែលមានប្រជាប្រិយភាពបំផុត មកពីប្រទេសម៉ាឡេស៊ី បានបង្ហាញមោទនភាព និងអរគុណចំពោះប្រទេស និងប្រជាជនកម្ពុជា រួមទាំងគណៈមេប្រយោគ ដែលបានជ្រើសរើសភាពយន្តរបស់ខ្លួនដាក់ចូលប្រកួត ពិសេសការផ្ដល់ជូននូវពានរង្វាន់ដល់តួស្រីនៃភាពយន្តនេះ ។ ម្ចាស់ពានរូបនេះ គូសបញ្ជាក់ថា នឹងមកលេងប្រទេសកម្ពុជាម្ដងទៀត ក្នុងនាមជាអ្នកទេសចរណ៍វិញម្ដង ព្រោះការបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា ពិតជាមានភាពកក់ក្ដៅ និងរស់រាយរាក់ទាក់ខ្លាំងណាស់ ។
ម្ចាស់ពានភាពយន្តខ្លីល្អ បានអរគុណដល់អ្នកពាក់ព័ន្ធ ក្នុងការរៀបចំកម្មវិធីមហោស្រពភាពយន្តកម្ពុជាអាស៊ីនេះឡើង ដែលជាបទពិសោធន៍មួយឱ្យសមិទ្ធិករទាំងចាស់ និងថ្មី បានបង្ហាញស្នាដៃភាពយន្ត ហើយលើសពីនេះទៀត ក៏ទទួលបានពានរង្វាន់ផងដែរ។ លោកថា វិស័យភាពយន្តនៅកម្ពុជាបច្ចុប្បន្ន មានការអភិវឌ្ឍខ្លាំង បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន ។ ដូច្នេះសង្ឃឹមថា ភាពយន្តខ្មែរ នឹងបានចូលរួមកម្មវិធី ហើយឈ្នះពានរង្វាន់នៅលើឆាកអន្តរជាតិ កាន់តែច្រើនថែមទៀត ។
សូមបញ្ជាក់ផងដែរ មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៣នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានកម្មវិធីអមមួយចំនួន ដូចជាការចាក់បញ្ចាំងភាពយន្ត វេទិកាជជែកអំពីឧស្សាហកម្មភាពយន្ត និងពិធីដើរលើកម្រាលព្រំក្រហមនិងប្រគល់ពានរង្វាន់។ មហោស្រពនេះសហការរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ និងគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី (CAFF) ព្រមទាំងមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៕
អត្ថបទ ៖ វណ្ណលុក
រូប ៖ គ្រី សម្បត្តិ
