ឆេកចាយ ១.៦ ពាន់លានដុល្លារទិញរថក្រោះចម្បាំងជាង ៤០ គ្រឿងពីអាល្លឺម៉ង់
ប្រាក ៖ រដ្ឋាភិបាលឆេកយល់ព្រមបញ្ជាទិញរថក្រោះចម្បាំង Leopard 2A8 ចំនួន ៤៤ គ្រឿងពីប្រទេសអាល្លឺម៉ង់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន។ ហើយការបញ្ជាទិញនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិគាំទ្រកិច្ចព្រមព្រៀងនេះកាលពីខែមុន។

រដ្ឋមន្ត្រីការពារជាតិឆេក លោកស្រី Jana Černochová បានលើកឡើងថា រថក្រោះចម្បាំងដែលទើបបញ្ជាទិញទាំងនោះ នឹងចាប់ផ្តើមដឹកជញ្ជូនមកកាន់ប្រទេសឆេកនៅចន្លោះឆ្នាំ ២០២៨ និង ២០៣១ ដោយចំណាយថវិកាសរុបប្រហែល ១.៦ ពាន់លានដុល្លារ។
ប្រមុខការពារជាតិឆេករូបនេះ បានសង្កត់ធ្ងន់ថា រថក្រោះចម្បាំងគឺជាផ្នែកសំខាន់នៃកងពលតូចធុនធ្ងន់ ហើយជាមួយគ្នានេះ រដ្ឋាភិបាលឆេកក៏មានជម្រើសក្នុងការបញ្ជាទិញរថក្រោះចម្បាំងចំនួន ១៤គ្រឿងបន្ថែមទៀតផងដែរ។ បន្ថែមលើនេះ កងទ័ពឆេកក៏ចង់ទិញរថពាសដែកធុនស្រាល Supacat Extenda ចំនួន ១៨ គ្រឿងពីក្រុមហ៊ុន LPP ក្នុងតម្លៃប្រហែល ៤៤លានដុល្លារ។
ក្នុងចំណោមកិច្ចសន្យាយោធាសំខាន់ៗផ្សេងទៀត រដ្ឋាភិបាលឆេកបានគាំទ្រផែនការទិញយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកចំនួន ២៤ គ្រឿង និងរថពាសដែក CV90 ចំនួន ២៤៦ គ្រឿងផងដែរ។
ការចំណាយដ៏ច្រើនលើសលុបលើវិស័យយោធាថ្មីនេះ បានកើតឡើងនៅពេលដែលប្រទេសឆេក មានគោលបំណងជំនួសឧបករណ៍យោធាស៊េរីមុនៗ ដែលខ្លួនបានផ្គត់ផ្គង់ទៅឱ្យទីក្រុងកៀវ បន្ទាប់ពីការលុកលុយពេញលេញរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
កាលពីដើមឆ្នាំ ២០២៥នេះ ប្រទេសឆេកបានប្រកាសថា ខ្លួននឹងបង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់ ៣% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០៣០៕
ប្រភព ៖ Euronews ប្រែសម្រួល ៖ ឈឹម ទីណា
