ប្រធានាធិបតីហ្វ៊ីលីពីន និងលោកជំទាវ អញ្ជើញដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃ
(ភ្នំពេញ)៖ ប្រធានាធិបតីហ្វ៊ីលីពីន ឯកឧត្តម ហ្វែឌីណង់ ម៉ាកកូស (Ferdinand Marcos Jr.) និងលោកជំទាវ បានអញ្ជើញដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ។
បើតាមសេចក្តីរាយការណ៍នានារបស់សារព័ត៌មានបរទេស ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាង ប្រទេសសមាជិកអាស៊ានទាំងពីរនេះ ហើយនេះ គឺជាដំណើរទស្សនកិច្ច លើកទី២ របស់ប្រធានាធិបតីហ្វ៊ីលីពីន មកកាន់ ប្រទេសកម្ពុជា បន្ទាប់ពីឯកឧត្តម បានឡើងកាន់ដំណែងកាលពីឆ្នាំ២០២២ ខណៈកម្ពុជា និងហ្វ៊ីលីពីន បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៧ ។

កាលពីខែកុម្ភៈកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅហ្វ៊ីលីពីន ហើយសម្តេច ក៏បានជួបដាច់ដោយឡែកជាមួយ ឯកឧត្តមប្រធានាធិបតី ម៉ាកកូស ផងដែរ នៅទីក្រុងម៉ែលបន (Melbourne) ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន លើកទី ៥០ នៅប្រទេសអូស្ត្រាលី កាលពីខែមីនា ឆ្នាំ២០២៤ ។
បច្ចុប្បន្ន មានប្រជាពលរដ្ឋហ្វ៊ីលីពីនជាង ៧ពាន់នាក់ កំពុងរស់នៅ និងធ្វើការនៅប្រទេសកម្ពុជា ដែលភាគច្រើន បម្រើការក្នុងវិស័យជំនាញ ។

សូមជម្រាបជូនប្រវត្តិរូបសង្ខេប ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន គឺជាប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន ។

ឯកឧត្តម Ferdinand ‘Bongbong’ Marcos Jr កាលថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ជំនួសលោកឌុយទែរតេ ។ តាមរយៈការចូលកាន់តំណែងរបស់ ឯកឧត្តម “Bongbong” Marcos Jr បានជួយដល់គ្រួសាររបស់លោក Marcos ចូលប្រឡូកនៅក្នុងឆាកនយោបាយហ្វីលីពីនឡើងវិញ ក្រោយរយៈពេលជិត៤០ឆ្នាំ ។

ឯកឧត្តម ជាអ្នកនយោបាយអាជីព ហើយជាមន្ត្រីចាប់តាំងពីឆ្នាំ១៩៨០។ ឯកឧត្តមបានចូលកាន់តំណែងជាច្រើនទាំងនៅក្នុងអង្គនីតិបញ្ញត្តិ និងអង្គនីតិប្រតិបត្តិ របស់រដ្ធាភិបាល ដូចជា បម្រើជាសមាជិកព្រឹទ្យសភា រយៈពេល៦ឆ្នាំ ពីឆ្នាំ២០១០ ដល់ ២០១៦ សមាជិកសភា រយៈពេល ៦ឆ្នាំ ពីឆ្នាំ១៩៩២ ដល់១៩៩៥ និង ពីឆ្នាំ២០០៧ ដល់ ២០១០ អភិបាលក្រុង រយៈពេល ១២ឆ្នាំ ពីឆ្នាំ១៩៨៣ ដល់ ១៩៨៦ និង ពីឆ្នាំ១៩៩៨ ដល់ ២០០៧ និងអភិបាលក្រុងរង រយៈពេលបីឆ្នាំ ពីឆ្នាំ១៩៨០ ដល់១៩៨៣ ។
នៅរសៀលថ្ងៃដដែលនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបង្ហោះសារក្នុងបណ្តាញសង្គមផ្លូវការ ស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ និងសូមឱ្យទស្សនកិច្ចនេះប្រកបដោយជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន នៃប្រទេសទាំងពីរ ៕
ដោយ ៖ វណ្ណលុក
