លោក ដូណាល់ ត្រាំ កំពុងពិចារណាវាយវ៉េណេស៊ុយអេឡា
វ៉ាស៊ីនតោន ៖ សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងពិចារណាថ្លឹងថ្លែងលើជម្រើសវាយប្រហារប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅលើទឹកដីវ៉េណេស៊ុយអេឡាតែម្តង។
សេចក្តីរាយការណ៍របស់ CNN កើតឡើងស្របពេលដែលមន្ទីរបញ្ចកោណបានដាក់ពង្រាយនាវាចម្បាំងយ៉ាងតិចចំនួន ៨ គ្រឿង និងនាវាមុជទឹកមួយគ្រឿងទៅកាន់ភាគខាងកើតតំបន់ការ៉ាប៊ីន ក្បែរប្រទេសវ៉េណេស៊ុយអេឡា។ ថ្មីៗនេះលោកប្រធានាធិបតី Trump ថែមទាំងបានបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-35 ដល់ទៅ ១០គ្រឿងទៅកាន់ទីក្រុង ព័រតូរីកូ ផងដែរ។
យោងតាមប្រភពរបស់ CNN, ការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃអង្គារសប្តាហ៍នេះ លើទូកមួយគ្រឿង ដែលត្រូវបានចោទប្រកាន់ថា បានរត់ពន្ធគ្រឿងញៀនចេញពីប្រទេសវ៉េណេស៊ុយអេឡា គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Trump ក្នុងការលុបបំបាត់ការជួញដូរគ្រឿងញៀននៅក្នុងតំបន់ និង អាចជាការចង់ផ្តួលរំលំរបបមេដឹកនាំដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro។
ជាការឆ្លើយតប លោកប្រធានាធិបតី Maduro ក៏បានព្រមានដែរថា ប្រទេសរបស់លោកនឹងឈានទៅដំណាក់កាលនៃ “ការតស៊ូប្រដាប់អាវុធ” ប្រសិនបើខ្លួនត្រូវរងការវាយប្រហារពីសត្រូវ។
គួរកត់សម្គាល់ ទំនាក់ទំនងរវាងអាមេរិក និងវ៉េណេស៊ុយអេឡា មានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្តែង កាលពីខែសីហា អាមេរិកបានប្រកាសផ្តល់លុយរង្វាន់ចំនួន ៥០លានដុល្លារសម្រាប់ព័ត៌មានណាមួយដែលនាំទៅដល់ការចាប់ខ្លួនលោកប្រធានាធិបតី Maduro ដែលខ្លួនបានដាក់ឈ្មោះថា ជា “មេធំជួញដូរគ្រឿងញៀនដ៏ធំបំផុតមួយនៅក្នុងពិភពលោក” ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា
