អនុស្សរណៈពង្រឹងទំនាក់ទំនងដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយ​វិវាទក្នុង​វិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់គ្នាជាផ្លូវការជាមួយនឹង សមាគមធនាគារនៅកម្ពុជា និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។អនុស្សរណៈនេះ ក្នុងគោលបំណងចូល​រួម​ចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការ​រវាងគូភាគីដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់​រហ័ស​នៃការដោះ ស្រាយវិវាទក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធ​តុលាការ​នៅក្នុងប្រទេសកម្ពុជា។

ការចុះកិច្ចព្រមព្រៀងត្រីភាគីជាផ្លូវការកាលពីចុងសប្ដាហ៍នេះគឺជាគំនិតផ្តួចផ្តើមថ្មីមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ពាក់ព័ន្ធ​នឹងការលើកកម្ពស់កិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ ក៏ដូចជាការចូលរួមចំណែកដោះស្រាយវិវាទ រវាងគ្រឹះស្ថាន​ហិរញ្ញវត្ថុ និងអតិថិជនប្រកបដោយតម្លាភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ សំដៅធានាបានថា ប្រជាពលរដ្ឋ​កម្ពុជាគ្រប់រូប ជាពិសេសប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋានទទួលបានដំណោះស្រាយដ៏សមស្របប្រកបដោយតម្លាភាព និងការ​ការពារ​យ៉ាងពេញលេញ។

ផ្អែកលើអនុស្សរណៈសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាវិស័យមីក្រូហិរញ្ញវត្ថុជឿជាក់ថា តាមរយៈកិច្ចព្រមព្រៀង​ថ្មីនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់កិច្ចការពារអតិថិជនបានកាន់តែប្រសើរឡើងដើម្បីចូលរួមជំរុញដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាពនិងបរិយាបន្ន។

គួរបញ្ជាក់ថា កន្លងមកសមាគមបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ការការពារអតិថិជនក្នុងវិស័យ ក្នុងនោះរួមមានការដាក់ចេញនូវក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ យន្តការដោះស្រាយបណ្តឹងអតិថិជន ស្តង់ដាកិច្ចសន្យាឥណទាន ក៏ដូចជាការអនុវត្តនូវគម្រោង និងកម្មវិធីជាច្រើនពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។

ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអនុ​ប្រធាន​​ប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់នាំ និងមន្ត្រីអាជ្ញាធរជាតិ​ដោះស្រាយ​វិវាទ​ក្រៅប្រព័ន្ធតុលាការ ព្រមទាំងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនរូប។

ក្នុងថ្ងៃដដែលនេះ សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាព​នៃការ​ដោះស្រាយវិវាទ​ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក៏ត្រូវបានរៀបចំធ្វើឡើងផងដែរដោយមានការចូលរួម​ធ្វើបទបង្ហាញពីវាគ្មិនជំនាញមកពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអំពីប្រធានបទដែលពាក់ពន្ធ ដើម្បីចែករំលែកចំណេះដឹង និងពង្រឹងសមត្ថភាពរបស់មន្ត្រីនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner