ភ្លៀងតិចជាង ១ម៉ោង ថៃលិចទឹកត្រឹមចង្កេះ
បាងកក ៖ ទីក្រុង ប៉ាតាយ៉ា របស់ថៃ ត្រូវបានឃើញមានទឹកជន់លិច ត្រឹមចង្កេះមនុស្ស ខណៈដែលភ្លៀងធ្លាក់ មិនដល់១ម៉ោង។
ភ្លៀងធ្លាក់យ៉ាងគំហុក បានវាយលុក ទីក្រុងប៉ាតាយ៉ា រយៈពេលតិចជាងមួយម៉ោង កាលពីថ្ងៃទី៧ ខែកញ្ញា ដែលបណ្តាលឱ្យមានទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ នៅតំបន់ទំនាប។ នៅលើផ្លូវ តាមបណ្តោយផ្លូវរថភ្លើង ក្បែរនឹងស្រុក Soi Khao Talo ទឹកបានឡើងដល់កម្រិត ចង្កេះ ឬ កន្លែងខ្លះ លើចង្កេះ។
អ្នកបើកបរ ដែលព្យាយាមបើក ឆ្លងកាត់ទឹកជំនន់ នាំឲ្យយានយន្តរបស់ពួកគេ អណ្តែតលើទឹក ជាប់គាំង កណ្តាលផ្លូវ ហើយ គេឃើញមានអាជ្ញាធរប្រញាប់ប្រញាល់ ទៅជួយអន្តរាគមន៍។
គួរបញ្ជាក់ថា ថៃ តែងតែជួបប្រទះនូវភ្លៀងមូសុងប្រចាំឆ្នាំ នៅចន្លោះខែឧសភា និងខែតុលា ប៉ុន្តែ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្ស កំពុងបណ្តាលឱ្យមានគំរូអាកាសធាតុកាន់តែអាក្រក់ខ្លាំង ដែលអាចធ្វើឱ្យមានទឹកជំនន់បំផ្លិចបំផ្លាញ កាន់តែច្រើន។
ជាក់ស្តែង ព្យុះត្រូពិច ណុងហ្វា គឺជាព្យុះមួយទៀត ដែលទើបបានវាយប្រហារប្រទេសថៃ បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់ ប៉ះពាល់ដល់ស្រុកជាច្រើន នៅក្នុងខេត្ត ផេតឆាប៊ុន ជន់លិចទាំងតំបន់ពាណិជ្ជកម្ម កាលពីដើមខែកញ្ញា។
កាលពីថ្ងៃទី២៧ ខែសីហា ព្យុះទីហ្វុង Kajiki ក៏បណ្តាលឲ្យថៃ មានការបាក់ដី និង ទឹកជំនន់ ដែលវាយលុកភូមិ ចំនួនពីរ នៅក្នុងភូមិ Ban Pang Ung មានប្រជាពលរដ្ឋប្រហែល ៥០០គ្រួសារ សរុប ប្រមាណ ២,០០០នាក់ ហើយ បណ្តាលឲ្យស្លាប់មនុស្ស ប្រមាណ ១០នាក់។
ទឹកជំនន់ ថៃ កើតមានឡើង សឹងតែរាល់ឆ្នាំ ក្នុងនោះ កាលពីឆ្នាំ២០២១ ធ្លាប់បានផ្តាច់យកជីវិតមនុស្ស ជាង៥០០នាក់ និង បំផ្លាញផ្ទះសម្បែង អស់រាប់លានខ្នង និងផលដំណាំយ៉ាងតំណំ៕
ប្រភពពី KhaosodEnglish, AFP ប្រែសម្រួល ៖ សារ៉ាត

