ប្រមុខរដ្ឋស្ដីទី ជូនពរប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង នាឱកាសនៃពិធីកាន់បិណ្ឌ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា សូមអនុមោទនា នៃពិធីបុណ្យកាន់បិណ្ឌ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នា២០២៥ ត្រូវបិណ្ឌ ១ ។
សម្ដេចតេជោ បានលើកឡើងថា ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក្ស ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
នេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាស ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាមនានា ។
សម្ដេចតេជោ សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ ។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោម ពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយ ដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ៕
ដផយ ៖ វណ្ណលុក
