នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច ធានាសុខសុវត្ថិភាព និងបរិយាកាសរីករាយក្នុងការធ្វើបុណ្យនៅតាមទីវត្តអារាមទាំងអស់
(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាឱ្យអាជ្ញាធរមានសមត្ថកិច្ច ពិសេសគណ:កម្មាធិការរៀបចំពិធីបុណ្យ ត្រូវសហការធានាសុខសុវត្ថិភាព និងបរិយាកាសរីករាយក្នុងការធ្វើបុណ្យនាពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សូមអនុមោទនា ពិធីកាន់បិណ្ឌ ១ ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ។ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយ ដែលកាន់ព្រះពុទ្ធសាសនា ប្រតិបត្តិជំនឿតាំងពីដូនតា ដោយអញ្ជើញទៅកាន់ ទីវត្តអារាមទូទាំងរាជធានី-ខេត្ត ដើម្បីធ្វើបុណ្យ ដាក់ទានឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន សាច់ញាតិទាំងប្រាំពីរសណ្តាន សូមឱ្យគ្រប់ការធ្វើដំណើរទាំងអស់ ប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ។
ជាមួយនេះ សម្ដេចនាយករដ្ឋមន្ត្រី បានសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចលំដាប់ថ្នាក់ រាជធានី-ខេត្ត និងមូលដ្ឋានដែលពាក់ព័ន្ធ ពិសេសគណ:កម្មាធិការរៀបចំពិធីបុណ្យ នៅតាមទីវត្តអារាមទាំងអស់ សហការរៀបចំពិធីបុណ្យឱ្យបានល្អប្រសើរ ធានាសុខសុវត្ថិភាព និងបរិយាកាសសប្បាយរីករាយក្នុងការធ្វើបុណ្យ និងប្រតិបត្តិសាសនាតាមប្រពៃណីដោយរលូន ជូនដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធ គ្រប់ទិសទី រីករាយពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ៕
ដោយ ៖ វណ្ណលុក

