អ៊ីស្រាអែលព្រមានថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជា “កំហុសដ៏ធំបំផុត”
ហ្សេរុយសាឡឹម ៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar នៅថ្ងៃអាទិត្យបានព្រមានធ្ងន់ៗថា ការសម្រេចចិត្តរបស់អង់គ្លេស បារាំង និងប្រទេសដទៃទៀត ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជា “កំហុសដ៏ធំបំផុត” ហើយវានឹងរារាំដល់ការស្វែងរកសន្តិភាពនៅមជ្ឈិមបូព៌ា។
ប្រមុខការទូតអ៊ីស្រាអែលរូបនេះ បានព្រមានធ្ងន់ៗថា ការសម្រេចចិត្តធ្វើបែបនេះ វាមិនបានជួយសម្រាលភាពតានតឹង ឬសន្តិភាពនៅមជ្ឈិមបូព៌ាទេ ផ្ទុយទៅវិញ វាកាន់តែធ្វើឱ្យតំបន់មានអស្ថិរភាព ហើយនឹងជំរុញឱ្យអ៊ីស្រាអែលមានការសម្រេចចិត្តឯកតោភាគីផងដែរ។
លោក Saar បានព្រមានបែបនេះបន្ទាប់ពីប្រទេសជាច្រើន រួមទាំងបារាំង និងអង់គ្លេសបានសន្យាថា នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ នៅក្នុងខែនេះ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីខែមុនបាននិយាយថា ចក្រភពអង់គ្លេសនឹងធ្វើតាមប្រទេសដទៃទៀត គឺការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ប្រសិនបើអ៊ីស្រាអែលបរាជ័យឈានដល់បទឈប់បាញ់ក្នុងសង្គ្រាមហ្គាហ្សា ដែលបង្កឡើងដោយការវាយប្រហាររបស់ហាម៉ាស់លើអ៊ីស្រាអែលក្នុងខែតុលា ឆ្នាំ ២០២៣៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
