និស្សិតប្រាំមួយរូប តំណាងឱ្យកម្ពុជានឹងទៅចូលរួមក្នុង​កម្មវិធី«មហា​សន្និបាត​អន្តរសភាអាស៊ានលើកទី៤៦» នៅម៉ាឡេស៊ី

ភ្នំពេញ៖និស្សិតចំនួនប្រាំមួយរូបត្រូវបានជ្រើសរើសតំណាងឱ្យប្រទេសកម្ពុជា ចូលរួមជា​សមាជិក​គណៈប្រតិភូ​រដ្ឋសភានៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុង​«កម្មវិធី​មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦» និង «5th Model AIPA» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។ យុវជនទាំងប្រាំមួយរូបនេះ ត្រូវបានជ្រើសរើសដោយAIPA Secretariat ។

«កម្មវិធីមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦» នឹងមានការចូល​រួមពីថ្នាក់ដឹកនាំអាស៊ានទាំង១០ប្រទេស និង​មានតំណាងមកពីប្រទេស​ចំនួន២៥ផ្សេងទៀតនឹងចូលរួមជាអ្នកចូលរួមអង្កេត។និស្សិតទាំងប្រាំមួយរូប នឹងចូលរួម​ផ្នែកមួយនៃកម្មវីធីដែលជាកិច្ចសន្ទនាយុវជនលើឆាកអន្តរជាតិ តំណាងកម្ពុជា ដើម្បីជជែកវែកញែកលើ​ប្រធានបទ​នានាពាក់ព័ន្ធនឹងសេដ្ឋកិច្ច សង្គម និងនយោបាយ ជាមួយនឹងយុវជនមកពីបណ្តាប្រទេសអាស៊ានផ្សេង​ទៀត។

និស្សិតទាំងប្រាំមួយរូបរួមមាន និស្សិតមកពីវិទ្យាស្ថានសិក្សាអន្តរជាតិ និង​គោលនយោបាយសាធារណ:ចំនួនបីរូប គឺ កញ្ញា ផេង ចាន់ដាលីស ជានិស្សិត​ឆ្នាំទី២ផ្នែកទំនាក់ទំនងអន្តរជាតិ, កញ្ញា សម្ភស្ស កន្នីថា ជានិស្សិតឆ្នាំទី៣ផ្នែក ទំនាក់ទំនងអន្តរជាតិ, កញ្ញា គឹម សុខធា ជានិស្សិតឆ្នាំទី៤ផ្នែកទំនាក់ទំនង​អន្តរជាតិ។សាកលវិទ្យាល័យជាតិគ្រប់គ្រង មានលោក អៀង សុវណ្ណ ម៉ាន់ដេ ជានិស្សិតឆ្នាំទី៣ផ្នែកនីតិសាស្ត្រ កញ្ញា ម៉ុត ចាន់ស្រីទីន ជាអតីតនិស្សិត​ជំនាន់ទី ២៩ ផ្នែកសហគ្រិនភាពនិងនវានុវត្តន៍សកល។សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក ហុក ហួរឈុនហ៊ូរ និស្សិតឆ្នាំទី៤ផ្នែកនីតិសាស្ត្រជាភាសាខ្មែរ និងជាភាសាអង់គ្លេស។

លោក អៀង សុវណ្ណ ម៉ាន់ដេ ជានិស្សិត ឆ្នាំទី៣ផ្នែកនីតិសាស្ត្រ នៃសាកល​វិទ្យាល័យ​ជាតិគ្រប់គ្រង បាននិយាយថា «ក្នុងនាមជាយុវជនមួយរូប ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានតំណាងកម្ពុជាលើឆាក​អន្តរជាតិ​តាមរយៈ​ចូលរួមជាសមាជិកគណៈប្រតិភូរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលវាជាឱកាសឱ្យខ្ញុំ និងយុវជនកម្ពុជាប្រាំរូប​ផ្សេងទៀតអាចបញ្ចេញនូវ​សមត្ថភាព ដើម្បីបង្ហាញពីកម្ពុជាទៅកាន់ប្រទេសផ្សេងៗទៀតដែលចូលរួម ពីវប្បធម៌ និង​កិច្ចសហប្រតិបត្តិការ​ដែលកម្ពុជាបានប្រកាន់ខ្ជាប់ជាមួយ​ថ្នាក់ជាតិ និងថ្នាក់តំបន់ ព្រមទាំងជាឱកាសដើម្បីអាច​ឈ្វេងយល់ពីបញ្ហា​ប្រឈមនានាដែលកំពុងកើតឡើងក្នុងតំបន់អាស៊ាន និងរៀនសូត្រពីគ្នា។»។

លោកបានបន្តថា តាមរយៈកម្មវិធីសន្និបាតនេះ យុវជនកម្ពុជាប្រាំមួយរូប នឹងអាចទទួលបាននូវចំណេះដឹងពាក់​ព័ន្ធ​នឹងការអភិវឌ្ឍសេដ្ឋកិច្ច អភិបាល​កិច្ច និងបញ្ហាសង្គម ពីបណ្តាប្រទេសផ្សេងទៀត និងបង្កើតបណ្តាញជាមួយ​នឹង​យុវជនមកពីប្រទេសផ្សេងទៀត ដើម្បីបង្កើតនូវកិច្ចសន្ទនាដែលអាច​ចូលរួមចំណែកក្នុងការសម្រេចបាននូវសមិទ្ធផល​ដែលអាចផ្តល់ផល​ប្រយោជន៍​ដល់អាស៊ាន និងប្រទេសកម្ពុជា។

គប្បីជម្រាបជូនថា កម្មវីធីជជែកវែកញែកនេះ នឹងផ្តោតលើមូលបទ “ការពង្រឹង​ការចូលរួមរបស់យុវជននៅ​ក្នុងរបៀប​វារៈនិរន្តរភាព និងបរិយាបន្ន” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែកញ្ញានៅទីក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner