អាមេរិក-អឺរ៉ុបត្រៀមបញ្ចេញសម្ពាធសេដ្ឋកិច្ចបង្ខំរុស្ស៊ីចូលតុចរចាបញ្ចប់សង្គ្រាម
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent នៅថ្ងៃអាទិត្យ និយាយថា អាមេរិក-អឺរ៉ុបនឹងរួមគ្នាបញ្ចេញសម្ពាធសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន រត់រកតុកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន។
លោករដ្ឋមន្ត្រី Bessent បានសង្កត់ធ្ងន់ថា បើសិនអាមេរិក និង អឺរ៉ុបអាចរួមគ្នាដាក់សម្ពាធទណ្ឌកម្មបន្ថែមទៀត នោះពន្ធបន្ទាប់បន្សំលើប្រទេសដែលទិញប្រេងពីរុស្ស៊ី និង សេដ្ឋកិច្ចរុស្ស៊ី នឹងដួលរលំទាំងស្រុង ដូច្នេះការធ្វើបែបនេះ វានឹងបង្ខំឲ្យលោកប្រធានាធិបតី ពូទីន រត់រកតុចរចាបញ្ចប់សង្គ្រាម។
លោក Bessent មានវ័យ៦៣ឆ្នាំរូបនេះបន្ថែមថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump គឺត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនសម្ពាធលើរុស្ស៊ី ប៉ុន្តែអាមេរិកត្រូវការដៃគូអឺរ៉ុប ដើម្បីអាចសម្រេចរឿងនេះបាន។
ការអត្ថាធិប្បាយបែបនេះរបស់លោក Bessent កើតឡើងក្រោយរុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន តាមរយៈការបញ្ជូនយន្តហោះដ្រូនចំនួន ៨០០គ្រឿង និង បាញ់មីស៊ីលចំនួន ១៣គ្រាប់ នេះបើតាមសេចក្តីរាយការណ៍របស់កងទ័ពអាកាសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យម្សិលមិញ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា