ប្រធានាធិបតីហ្វីលីពីន ថា នឹងប្រឹងឱ្យអស់លទ្ធភាព ដើម្បីឱ្យកម្ពុជា-ថៃ អាចដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី មានសន្តិភាពឡើងវិញ
(ភ្នំពេញ)៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបប្រជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ០៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ថា នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ប្រធានាធិបតីហ្វីលីពីន អំពីស្ថានភាពព្រំដែននៃប្រទេសកម្ពុជា និងអរគុណហ្វីលីពីន ដែលតែងតែគាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាដោយសន្តិវិធី និងជាពិសេស ការគាំទ្ររបស់ហ្វីលីពីន ចំពោះការធានាឱ្យមានបទឈប់បាញ់រវាងប្រទេសទាំងពីរ ។
ជាការឆ្លើយតប ប្រធានាធិបតីហ្វីលីពីន សន្យានៅចំពោះមុខប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ថា ក្នុងនាមជាសមាជិកអាស៊ាន ឯកឧត្តមនឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីកម្ពុជា-ថៃ អាចដោះស្រាយបញ្ហាដោយសន្តិវិធី ហើយព្រំដែននៃប្រទេសទាំងពីរ វិលមកប្រក្រតី មានសន្តិភាពឡើងវិញ ។
សូមជម្រាបថា នៅលើបញ្ហាជម្លោះព្រំដែនជាមួយថៃ រាជរដ្ឋាភិបាលកម្ពុជា មានជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ពោល គឺទៅដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីទទួលបានយុត្តិធម៌មួយដែលមានភាពយូរអង្វែង បញ្ចៀសសង្គ្រាម ស្រោចស្រង់ជីវិតមនុស្សស្លូតត្រង់ និងការខូចខាតនានា ប៉ុន្តែរដ្ឋាភិបាលថៃ មានជំហរដោះស្រាយត្រឹមតែយន្តការទ្វេភាគី ពោលគឺការចរចា។ ការចរចារវាងភាគីកម្ពុជា ថៃ ជួបប្រទះភាពជាប់គាំងជាង ១០ឆ្នាំមកហើយ ព្រោះតែកម្ពុជា ប្រើប្រាស់ផែនទីខ្នាត ១លើ២រយពាន់ ដែលបារាំងគូសបន្សល់ទុក និងអនុសញ្ញាបារាំង សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ ប៉ុន្តែភាគីថៃ ប្រើប្រាស់ផែនទីខ្នាត ១លើ៥០ពាន់ ជាការគូសស្រេចតែចិត្តឯងគ្មានការទទួលស្គាល់ជាអន្តរជាតិឡើយ។ ចូលមកដល់ឆ្នាំ២០២៥ ចំពេលស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ តានតឹងខ្លាំង ស្រាប់តែភាគីថៃ បង្កើនកម្ដៅតាមព្រំដែនជាមួយកម្ពុជា ពោល គឺយោធាថៃបាញ់សម្លាប់យោធិនកម្ពុជា ១រូប នៅវេលាព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំបី ក្នុងដីកម្ពុជា ដែលជាចំណុចនាំព្រំដែននៃប្រទេសទាំងពីរកាន់តែឡើងកម្ដៅខ្លាំងឡើងៗ ។
បន្ទាប់មកនៅថ្ងៃទី២៤ ខែកក្កដា ថៃ បានរំលោភឈ្លានពានកាន់តែធ្ងន់ធ្ងរ រហូតដល់ប្រើអាវុធធុនធ្ងន់ ការប្រើយន្តហោះ F 16 ទម្លាក់គ្រាប់បែក ទម្ងន់រាប់តោន បំផ្លាញវត្តអារាម ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ដណ្តើមកាន់កាប់ប្រាសាទ និងរាយបន្លាលួស វាតយកទីតាំងព្រំដែនដែលជាភូមិឋានប្រជាពលរដ្ឋកម្ពុជា ដែកបាននិងកំពុងរស់នៅ តាំងពីរាប់ជំនាន់មកហើយ មិនតែប៉ុណ្ណោះ កងទ័ពថៃឈ្លានពាន បានប្រើផ្សែងពុល តែបង្កផលប៉ះពាល់ដល់អាយុជីវិត និងសុខភាព កងទ័ពដែលកំពុងឈរជើងការពារទឹកដី និងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋត្រូវភៀសខ្លួនចាកចេញពីភូមិឋាន ផ្ទះសម្បែង មករស់នៅក្នុងជំរំភៀសសឹក ដ៏លំបាកយ៉ាប់យ៉ឺន ។
ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែបន្តប្រកាសថា កម្ពុជា ចង់បានមានព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនដែលមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ។ កម្ពុជា តែងរក្សាខ្ជាប់នូវស្មារតី ភាតរភាព និងព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី និងរក្សានូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាងលើគ្រប់វិស័យ ដើម្បីភាពសុខសាន្ត ៕






អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ