កម្ពុជា និងហ្វីលីពីន ឯកភាពគ្នាបង្កើនទំនាក់ទំនង ជាពិសេស ផ្ដោតទៅលើពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
(ភ្នំពេញ)៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបប្រជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ០៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ថា ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាបង្កើនទំនាក់ទំនង ជាពិសេស ផ្ដោតទៅលើពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
នៅក្នុងឱកាសនៃជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនបន្ថែមទៀត ដោយសម្ដេច បានបញ្ជាក់អំពីទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ក្នុងនោះ សម្ដេចតេជោ បានផ្ដល់ជាយោបល់ដល់រដ្ឋាភិបាលហ្វីលីពីន និងកម្ពុជា ធ្វើយ៉ាងណា បង្កើនពាណិជ្ជកម្មជាមួយគ្នាឲ្យបានច្រើនថែមទៀត ខណៈដែលបច្ចុប្បន្ន ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ គឺនៅមានកម្រិត ក្នុងន័យនេះ សម្ដេចតេជោ ចង់ឃើញភាគីទាំងពីរ បង្កើនទំហំពាណិជ្ជកម្មឲ្យកាន់តែកើនឡើងបន្ថែមទៀត ។
ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានលើកឡើងដោយឯកភាព នូវអ្វីដែលជាការលើកឡើងរបស់សម្ដេចតេជោ និងបានបញ្ជាក់ថា ភាគីទាំងពីរ ត្រូវបង្កើននូវទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែល្អប្រសើរជាងនេះ ជាពិសេស គឺផ្ដោតទៅលើពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
កម្ពុជា និងហ្វីលីពីន បានភ្ជាប់ទំនាក់ទំនងផ្លូវការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៧ តែត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម។ លុះខែកុម្ភៈ ឆ្នាំ១៩៩២ បន្ទាប់ពីកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសហ្វីលីពីន ក៏បានភ្ជាប់ទំនាក់ទំនងឡើងវិញ ។ ចាប់ពីឆ្នាំ១៩៩២មក ទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន ត្រូវបានលើកកម្ពស់ និងពង្រីកជាបន្តបន្ទាប់ ។ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ដែលបានធ្វើរួមគ្នានាពេលកន្លងមកនោះ មានដូចជា៖ វិស័យសេដ្ឋកិច្ច, វិស័យសន្តិសុខ និងការពារជាតិ, វិស័យអប់រំ និងសុខាភិបាល, វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិស័យកសិកម្ម និងពាណិជ្ជកម្ម, វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិស័យបរិស្ថានជាដើម ។
គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន មានទំហំទឹកប្រាក់ជាង ១៤,៣ពាន់លានដុល្លារ កើនឡើង ១២,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយរកាណ៍របស់ក្រសួងពាណិជ្ជកម្ម។ បើតាមរបាយការណ៍នេះ ក៏បានបង្ហាញថា កម្ពុជា បាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ជាង ៤.៦២០លានដុល្លារ កើនឡើង ៨,៨៧ ភាគរយ ខណៈការនាំចូលពីបណ្តាប្រទេសសមាជិកអាស៊ាន ចូលមកកាន់កម្ពុជាមានទឹកប្រាក់ ៩.៦៨៩លានដុល្លារ កើនឡើង ១៤,៨៥ ភាគរយ ។ ហ្វីលីពីន ជាប្រទេសសមាជិកអាស៊ានលំដាប់លេខ៧ មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ខណៈដៃគូពាណិជ្ជកម្មអាស៊ាន របស់កម្ពុជា រួមមាន ប្រទេសវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ព្រុយណេ ឡាវ មីយ៉ាន់ម៉ា ក៏ជាដៃគូពាណិជ្ជកម្មសំខាន់ផងដែរ ៕





អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ