រដ្ឋមន្ត្រីព័ត៍មាន ៖ ការពង្រឹងសមត្ថភាពមន្ត្រីជាកត្តាចាំបាច់ឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការពង្រឹងសមត្ថភាពមន្ត្រីរាជការ គឺជាកត្តាចាំបាច់ឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល ខណៈមូលធនមនុស្ស មិនត្រឹមតែមានសញ្ញាបត្រ និងមានចំណេះដឹងនោះទេ ប៉ុន្តែ ត្រូវតែមានសមត្ថភាព មានទេពកោលស្យ មានស្នាដៃ មានសុខភាពល្អ សីលធម៌ គុណធម៌ សុជីវធម៌ មានវិជ្ជាជីវៈ​ នេះជាអ្វីដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងមុំទី១ នៅចំណោមមុំទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។

ការលើកឡើងបែបនេះ របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៍មាន បានធ្វើឡើងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងធនធានមនុស្ស»។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ចំនួន១១៦នាក់។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ដើម្បីជំរុញឱ្យការពង្រឹងសមត្ថភាពមន្ត្រីរាជការផ្នែកភាសាបរទេសឱ្យកាន់មានគុណភាពបន្ថែមទៀត ក្រសួងព័ត៌មាន បានធ្វើទំនាក់ទំនងការទូតព័ត៌មាន ជាមួយនឹងបណ្តាប្រទេសផ្សេងៗ ដើម្បីបញ្ជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ចេញទៅទទួលបានបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសជាមិត្តតាមរយៈការផ្តល់អាហារូបករណ៍ជាដើម។ ខណៈមិត្តចិន ម៉ាឡេស៉ី វៀតណាម ក៏បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា លើវិស័យព័ត៌មាន និងសោតទស្សន៍ជាច្រើនផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «មូលធនមនុស្ស មិនត្រឹមតែមានសញ្ញាបត្រ និងមានចំណេះដឹងនោះទេ ប៉ុន្តែ ត្រូវតែមានសមត្ថភាព ធ្វើកិច្ចការងារ មានទេពកោលស្យ ស្នាដៃ មានសុខភាពល្អ សីលធម៌ គុណធម៌ សុជីវធម៌ មានវិជ្ជាជីវៈ និងគោរពលើការងាររបស់ខ្លួន នេះហើយជាអ្វីដែលរាជរដ្ឋាភិបាលបានកំណត់មុំទី១ នៅក្នុងចំណោមមុំទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺនិយាយអំពីមូលធនមនុស្ស»។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការងារអភិវឌ្ឍន៍មូលធនមនុស្ស។ ជាក់ស្តែងនៅដើមអាណត្តិទី៧ ប្រជាពលរដ្ឋបានសាទរ និងផ្តល់ទំនុកចិត្តយ៉ាងខ្លាំងមកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការពង្រឹងធនធានមនុស្សបន្តវេន ពីព្រោះកម្ពុជា បានកំណត់ចក្ខុវិស័យ ឆ្នាំ២០៥០ ទៅជាប្រទេសដែលមានចំណូលខ្ពស់។ ដោយឡែកនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក៏ត្រូវចាំបាច់រុញ និងរៀបចំផែនការអភិឌ្ឍមូលធនមនុស្សឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ លើកិច្ចការងារបណ្តុះបណ្តាលមន្ត្រីរាជការ គឺបានធ្វើឱ្យមន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័ន មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនប្រកបដោយគុណភាព និងទទួលបានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមដំណើរការអភិវឌ្ឍន៍ជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា នៅពេលប្រទេសអភិវឌ្ឍន៍ ធនធានមនុស្សមិនអាចខ្វះបានជាដាច់ខាត ធនធានមនុស្សមិនអាចធ្វើការងារដោយចុងដៃ ចុងជើងនោះទេ។ ប្រទេសជាតិរីកចម្រើន គឺចាំបាច់បំផុតធនធានមនុស្ស ដូច្នេះហើយនៅក្នុងក្របខណ្ឌនេះក្រសួងព័ត៌មាន បានរៀបចំផែនការយុទ្ធសាស្រ្ត ក្នុងការកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស ដែលសំដៅលើធនធានមនុស្សប្រកបដោយសមត្ថភាព ទេពកោសល្យ គោរពវិជ្ជាជីវៈ និងភាពច្នៃប្រឌិត ជាកត្តាគន្លឹះ និងមានសក្តានុពលដែលគាំទ្រដល់គ្រប់ដំណើរការអភិវឌ្ឍន៍ ពីព្រោះថាស្ថាប័ននីមួយៗ មិនអាចដំណើរការបានប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងផលិតភាពឡើយ ប្រសិនបើគ្មានធនធានមនុស្សដែលមានគុណវុឌ្ឍខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ។

គួរបញ្ជាក់ថា ក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលខុសត្រូវផ្នែកការងារទំនាក់ទំនងសាធារណមតិ ឱ្យរាជរដ្ឋាភិបាល គឺបានផ្តោតទៅលើការរៀបចំផែនការបណ្តុះបណ្តាល ហើយនៅក្នុងឆ្នាំ២០២៥ តាមផែនការគឺមានជាង ៨០វគ្គណ្តុះបណ្តាល ដោយផ្តោតសមខាន់លើការពង្រឹងសមត្ថភាពដល់មន្ត្រី។ ពីព្រោះថាវិស័យសារព័ត៌មាន គឺមានសារៈសំខាន់ ដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិ ដូច្នេះ ប្រសិនបើកម្រិតមន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាន និងសោតទស្សន៍ មិនគុណភាពក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋនោះនឹងនាំផលលំបាកនៃការគ្រប់គ្រងសាធារណមតិ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner