រុស្ស៊ីថា លោក ពូទីន និង មេដឹកនាំអាមេរិកកំពុងរារាំងផ្ទុះសង្គ្រាមលោកលើកទី៣

មូស្គូ ៖ ជំនួយការប្រធានាធិបតីរុស្ស៊ី និង ជាប្រេសិតពិសេសកិច្ចការសេដ្ឋកិច្ចអន្តរជាតិរបស់វិមានក្រឹមឡាំង លោក Kirill Dmitriev និយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង មេដឹកនាំអាមេរិក លោក Donald Trump កំពុងព្យាយាមអូសទាញសង្គ្រាមអ៊ុយក្រែនខិតជិតទៅទីបញ្ចប់ និងថា កិច្ចខិតខំប្រឹងប្រែងការទូតរបស់បុរសខ្លាំងទាំងពីរ ក៏ជួយការពារផ្ទុះសង្គ្រាមលោកលើកទី៣ផងដែរ។

លោក Dmitriev បានសរសេរសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ថា Stalin, Roosevelt និង Churchill បានឈ្នះសង្គ្រាមលោកលើកទី២។ ហើយឥឡូវនេះ លោក Putin និង លោក Trump នឹងរារាំងកុំឱ្យផ្ទុះសង្គ្រាមលោកលើកទី៣។

លោក Dmitriev បានលើកឡើងថា សន្តិភាពគឺកាន់តែកៀកឈានដល់ ដោយសារតែការសន្ទនារវាងលោក Trump និង លោក Putin ខណៈវិធីសាស្រ្តដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បានបរាជ័យ។

ការប៉ុនប៉ងធ្វើឱ្យរុស្ស៊ីឯកោបានបរាជ័យ។ ការដាក់ទណ្ឌកម្មបានបរាជ័យ។ ការសន្ទនា ការគោរព ការយោគយល់គ្នាទៅវិញទៅមក ការដោះស្រាយបញ្ហាដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែង គឺជាវិធីត្រឹមត្រូវ។

លោក Dmitriev បានគូសបញ្ជាក់ថា ទោះបីគ្មានកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានឈានដល់នៅឯកិច្ចប្រជុំកំពូលអាឡាស្កា ក៏មេដឹកនាំទាំងពីរបានសរសើរជំនួបនោះថា មានផលិតភាពខ្ពស់។

ហើយថ្មីៗនេះ លោក Putin បានបញ្ចេញសម្លេងសុទិដ្ឋិនិយមយ៉ាងប្រយ័ត្នប្រយែង អំពីលទ្ធភាពនៃការបញ្ចប់ជម្លោះ ដោយកត់សម្គាល់ថា “មានពន្លឺនៅចុងបញ្ចប់នៃផ្លូវរូងក្រោមដី” ប៉ុន្តែបានកត់សម្គាល់ថា បើសិនគ្មានដំណោះស្រាយការទូតត្រូវបានរកឃើញទេ យើងនឹងត្រូវតែសម្រេចបាននូវគោលដៅទាំងអស់តាមរយៈសាច់ដុំយោធា៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner