អ្នកសារព័ត៌មានត្រូវបានលើកទឹកចិត្តនិងបំផុសឱ្យជួយផ្សព្វផ្សាយផលិតផលខ្មែរ

ភ្នំពេញ៖ក្នុងន័យជំរុញការគាំទ្រផលិតផលខ្មែរ និងចូលរួមផ្សព្វផ្សាយ​ផលិតផលខ្មែរឱ្យបានទូលំទូលាយ​ថែមទៀត ក្លិបអ្នកកាសែតកម្ពុជាបាន​រៀបចំវេទិកាសារព័ត៌មានស្តីពី «ការជំរុញ ការផលិត និងការគាំទ្រ​ផលិត​ផលខ្មែរ» ។ព្រឹត្តិការណ៍​នេះ​មានការគាំទ្រពីសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជា ។

ក្នុងពិធីដែលបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលសមាគមមូលនិធិសម្ដេចតេជោ និងFASMEC រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥​ដែលមានការចូលរួមពីឧកញ៉ា តែ តាំង ប៉ ប្រធានក្រុមប្រឹក្សា​ភិបាលសមាគម​មូលនិធិសម្តេចតេជោ និង FASMEC, លោក ពុយ គា ប្រធានក្លិបអ្នកកាសែត​កម្ពុជា​បានប្រាប់អ្នកសារព័ត៌មានចំនួន ៦៦នាក់ មកពី ៤៨ស្ថាប័នថា វេទិកា​នេះ​ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ FASMEC បានលើកទ្បើងពីការជំរុញការផលិតផលិតផលក្នុងស្រុក ទាំងបរិមាណ ទាំងគុណភាព និងសុវត្ថិភាពធ្វើយ៉ាងណា​ដើម្បីបំពេញតម្រូវការប្រើប្រាស់ ខណៈដែលពលរដ្ឋខ្មែរបានពហិកាមិនប្រើប្រាស់ផលិតផលដែលនាំចូលពីប្រទេសថៃ ។

លោកប្រធានក្លិបបន្តថា អ្នកសារព័ត៌មាន ដែលបានចូលរួមក្នុងវេទិកានោះ ត្រូវបានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយព័ត៌មានឱ្យបានត្រឹមត្រូវ និង​ទូលំទូលាយអំពីផលិតផលក្នុងស្រុក ដើម្បីជំរុញការផលិត និងការគាំទ្រផលិត​ផលខ្មែរ ដែលជាចំណែក​មួយនៃ​ការបង្កើតសេដ្ឋកិច្ចប្រកបដោយចីរភាព និងការរីកចម្រើនសម្រាប់កម្ពុជា។

ដោយទឹកមុខញញឹម ឧកញ៉ា តែ តាំងប៉ ដែលជាប្រធានសម្ព័ន្ធសមាគម​សហគ្រាសធុនតូច និងមធ្យមកម្ពុជា​ផងនោះ​បានបង្ហាញនូវសុទិដ្ឋិនិយម​ចំពោះការរៀបចំវេទិកានេះ។ឧកញ៉ាជឿជាក់ថា បន្ទាប់ពីវេទិកានេះ និងមាន​ការចូលរួម​ពីអ្នកសារព័ត៌មានកាន់តែផុលផុស ​នឹងក្លាយជាចលករជួយជំរុញឱ្យ​ពលរដ្ឋ​មកស្វែងយល់ពី​ផលិតផលខ្មែរកាន់​តែច្រើនឡើង និងទទួលការគាំទ្រ​ពីមហាជនគ្រប់ទិសទី ស្របពេលដែលពលរដ្ឋខ្មែរកំពុងតែងាកមកគាំទ្រផលិត​ផលក្នុងស្រុកច្រើនឡើងនៅពេលនេះ។

ឧកញ៉ាបន្ថែមថា ដើម្បីសម្រេចបានគោលដៅនេះ អាចអនុវត្តសកម្មភាពដូច​ជា ការជំរុញការផលិត, ការគាំទ្រផលិតផលខ្មែរ, ការនាំចេញផលិតផលខ្មែរ, ការអប់រំ និងការផ្សព្វផ្សាយ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner