មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ ម្សៅប្រហុកកម្ពុជាទទួលបានទាំងវិញ្ញាបនបត្រដែលជាស្តង់ដារសុវត្ថិភាពម្ហូបអាហារ ក្នុងការនាំទៅកាន់ទីផ្សារអន្តរជាតិ
(ភ្នំពេញ)៖ ក្រោមកិច្ចសហការជាមួយគម្រោង CAPFISH-Capture ក្រុមហ៊ុន ខនហ្វីរេល (CONFIREL)កំពុងផ្សព្វផ្សាយប្រហុកម្សៅប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។សិប្បកម្មផលិតប្រហុកមួយនេះទទួលបានទាំងវិញ្ញាបនបត្រអន្តរជាតិដែលជាស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងក៏ដូចជាសម្រេចបាននូវគោលនយោបាយស្តីពី”សហគមកសិកម្មទំនើប”របស់កម្ពុជា។

ថ្លែងក្នុងពិធីបើកសម្ពោធម្សៅប្រហុករបស់ក្រុមហ៊ុន ខនហ្វីរេល (CONFIREL) នៅរសៀលថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២៥ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា សិប្បកម្មផលិត និង កែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុនខនហ្វីរេល ដែលត្រូវបានធ្វើទំនើបកម្មនិងកែលម្អយ៉ាងល្អប្រសើរប្រកបដោយមោទនភាព ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក គឺប្រហុកសៀមរាបដែលជាម៉ាកស្គាល់ភូមិសាស្រ្តទំនិញ (GI)។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា៖ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ផ្សេងៗ ដូចជាគម្រោង CAPFISH ដែលបានជួយដល់សិប្បកម្មកែច្នៃម្សៅប្រហុកទទួលបាននូវវិញ្ញាបនបត្រហាសឹប (HACCP) ដែលជាស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ។ ម៉្យាងវិញទៀត តាមរយៈការចងក្រងនិងផ្សារភ្ជាប់រវាងក្រុមអ្នកផលិត ជាមួយនឹងសហគ្រាសកែច្នៃ នឹងជួយរក្សាបាននូវលំនឹងតម្លៃ និង ការផ្គត់ផ្គង់សម្រាប់ទីផ្សារ ដែលជាផ្នែកមួយក្នុងការចូលរួមសម្រេចនូវគោលនយោបាយស្តីពី”សហគមកសិកម្មទំនើប” របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានបង្កើតឱកាសការងារ ជាពិសេសសម្រាប់ពលករមាតុភូមិនិវត្តន៍ដែលជាទិដ្ឋភាពមួយថ្មី និង សំខាន់ចំពោះមុខផងដែរ។

ឯកឧត្តមបានថ្លែងឱ្យដឹងដែរថាតាមរបាយកការណ៍របស់គម្រោង CAPFISH-Capture បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និង បច្ចេកទេស ដល់សហគ្រាសជលផលខ្នាតតូចនិងមធ្យមជាង ៦០សហគ្រាស និងតួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃជលផលប្រមាណ ៤០០តួអង្គ តាមរយៈកម្មវិធីគាំទ្រវិនិយោគក្នុងខ្សែច្រវាក់តម្លៃ (Value Chain Investment Support- VCIS)។ ជាលទ្ធផល សហគ្រាសបានកែលម្អទីតាំង បរិក្ខារកែច្នៃ និងពង្រឹងការអនុវត្តសុវត្ថិភាពម្ហូបអាហារនិងការត្រៀមលក្ខណៈចូលទៅកាន់ទីផ្សារអន្តរជាតិ។ កិច្ចគាំទ្រនេះបានជួយបង្កើតការងារបានចំនួនប្រហែល ១៤ ០០០នាក់ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិនិងការកាត់បន្ថយភាពក្រីក្រ។

ដោយឡែកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក ក្រុមហ៊ុន ខនហ្វីរេល បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖មកទល់នឹងបច្ចុប្បន្ននេះ ក្រុមហ៊ុនខនហ្វីរេលមានអាយុ ២៥ ឆ្នាំ ហើយ។ ចាប់តាំងពីពេលបង្កើតឡើងនៅឆ្នាំ២០០១ មក ខនហ្វីរេលមានទស្សនវិស័យច្បាស់លាស់ ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍគ្រប់ផលិតផលដូនតា ដែលជាសម្បត្តិបេតិកភ័ណ្ឌរបស់ជាតិយើង ដោយប្រើប្រាស់សមត្ថភាព និងធនធានថវិកាផ្ទាល់ខ្លួន ជាមួយនឹងទំនុកចិត្តប្រកបដោយភាពជឿជាក់ ដើម្បីផ្តល់តម្លៃដល់ស្នាដៃបុព្វបុរសបន្សល់ទុកឱ្យ។
ឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង បានបញ្ជាក់ប្រាប់ថាសិប្បកម្មរកែច្នៃប្រហុកម្សៅលើកដំបូង មួយនេះបានសាងសង់លើផ្ទៃដីទំហំ ២៤០០ ម៉ែត្រការ៉េ និងមានសមត្ថភាពផលិតប្រហុកម្សៅបាន ៥០០០ កែវ ឬស្មើនឹង ១តោន ប្រហុកស្រស់ក្នុងមួយថ្ងៃ។ សិប្បកម្មមួយនេះ បានបង្កើតការងារថ្មីសម្រាប់បុគ្គលិកចំនួន៣៧ កន្លែង ដែលភាគច្រើនជាស្រ្តី។ លើសពីនេះទៅទៀត ក្រុមហ៊ុន ខនហ្វីរេលទទួលវិញ្ញាបនប័ត្រ HACCP ដែលជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ប្រកបដោយគុណភាព និងសុវត្ថភាព ។ផលិតផលប្រហុកម្សៅ ក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទីផ្សារជាតិ និងអន្តរជាតិ ដែលធ្វើឱ្យកំណើននៃការលក់មានសន្ទុះយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហួត
