លោក Anwar អញ្ជើញនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ទៅម៉ាឡេស៊ី
គូឡាឡាំពួ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានអញ្ជើញ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មី របស់ថៃ ឲ្យទៅបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Bernama កាលពីថ្ងៃទី៧ ខែកញ្ញា។
ប្រធានប្តូរវេនអាស៊ាន រូបនេះ ចង់ជួបពិភាក្សា ជាមួយមេដឹកនាំថ្មី របស់ថៃ ដើម្បីជជែកអំពីទំនាក់ទំនងទ្វេភាគី, បញ្ហាព្រំដែនកម្ពុជានិងថៃ ព្រមទាំង កិច្ចសហប្រតិបត្តិការ នៅក្នុងក្របខណ្ឌអាស៊ាន នេះបើតាម ការបង្ហោះសារ នៅលើបណ្តាញសង្គម របស់លោក Anwar បន្ទាប់ពីបានទូរស័ព្ទទៅកាន់លោក Anutin ភ្លាមៗ ក្រោយការតែងតាំង លោកធ្វើជានាយករដ្ឋមន្ត្រីថៃ។
លោក Anwar អះអាងថា លោកបានអបអរសាទរ ចំពោះការតែងតាំងនេះ ហើយ លោកបានចាត់ទុក លោក Anutin ជាមិត្តចាស់ ដែលតែងតែរួមសុខ រួមទុក្ខ ជាមួយលោក ក្នុងពេលកន្លងមក ទាំងក្នុងគ្រាអាក្រក់ និង ក្នុងគ្រាល្អ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រូបនេះ អះអាងថា លោកទទ្ទឹងរង់ចាំ ជួបធ្វើការជាមួយ លោក Anutin ដោយលោក Anwar បានបង្ហាញ អំពីទំនុកចិត្ត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ជាពិសេស ក្នុងការអភិវឌ្ឍព្រំដែនរួមគ្នា ជំរុញពាណិជ្ជកម្ម និងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីថៃ ទើបតែងតាំង លោក Anutin បានជូនដំណឹងថា ពិធីស្បថចូលកាន់តំណែង នឹងប្រព្រឹត្តទៅ ក្នុងរយៈពេល មួយសប្តាហ៍ទៀត ដូច្នេះ លោកទន្ទឹងរង់ចាំជួប លោក Anwar ក្នុងពេលឆាប់ៗនេះ៕
ប្រភពពី Bernama, businesstoday ប្រែសម្រួល៖ សារ៉ាត