ក្រសួងបរិស្ថាន និង សមាគមសហគ្រិនសកល ១ភាគរយ (G-1%Club) ប្តេជ្ញាចិត្តរួមគ្នាធ្វើឱ្យកម្ពុជាកាន់តែបៃតង

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញពីឱកាសដ៏មានសក្ដានុពលសម្រាប់សហគ្រិនវ័យក្មេង ក្នុងការទាញយកថវិកាពី «មូលនិធិបៃតង» ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចក្ត្រាវិស័យបរិស្ថាន ព្រមទាំងបានផ្តល់នូវយុទ្ធសាស្ត្រគន្លឹះ៣ចំណុច ដើម្បីទាក់ទាញការវិនិយោគ។ នេះជាការថ្លែងឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥ ខណៈទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូនៃសមាគមសហគ្រិនសកល ១ភាគរយ (G-1%Club) ចំនួន ១៣រូប ដែលដឹកនាំដោយ លោក ហៀង វុទ្ធា ប្រធានសមាគម។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ លោក ហៀង វុទ្ធា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសដ៏មានតម្លៃឱ្យសមាគមបានចូលជួប និងទទួលបាននូវអនុសាសន៍គន្លឹះ ដើម្បីឱ្យសហគ្រិនកម្ពុជាអាចចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងទាញយកដៃគូសហការដែលសមស្របតាមយុទ្ធសាស្ត្ររបស់ជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងគាំទ្រចំពោះការចូលរួមរបស់សហគ្រិនវ័យក្មេងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដោយគូសបញ្ជាក់ពីការដាក់ជូនផែនការជាតិ NDC 3.0 របស់កម្ពុជាទៅកាន់អង្គការសហប្រជាជាតិដោយជោគជ័យ។ នោះគឺ «ផែនការយុទ្ធសាស្រ្តរបស់កម្ពុជាទាំងនេះហើយ ដែលជួយជំរុញឱ្យយើងទទួលបានថវិកាជាច្រើនពី មូលនិធិបៃតង (Green Climate Fund) សម្រាប់ប្រតិបត្តិការលើគ្រប់វិស័យ»។ ដែលផែនការនេះ លើកទឹកចិត្តឱ្យសហគ្រិនវ័យក្មេង និងអ្នកពាក់ព័ន្ធទាំងអស់ទាញយកឱកាស ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តស្នើសុំថវិកាពីមូលនិធិទាំងនោះ សម្រាប់យកទៅប្រើប្រាស់តាមវិស័យ និងជំនាញរៀងៗខ្លួន ជាពិសេសក្នុងវិស័យអប់រំ STEM ដែលអាចប្រើបច្ចេកវិទ្យាឆ្លាតវៃ ដើម្បីរួមចំណែកដោះស្រាយបញ្ហាអាកាសធាតុ និងទាញយកប្រយោជន៍ពីធនធានធម្មជាតិដោយចីរភាព បន្ទាប់ពីកម្ពុជាបានក្លាយខ្លួនទៅជា អង្គភាពមានសម្បទា (Accredited Entity)។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានផ្តល់ជូនជាគតិដល់សហគ្រិនវ័យក្មេង ដោយលើកពីសារៈសំខាន់នៃ «ផ្នត់គំនិតស្អាត» ដើម្បីទាក់ទាញអ្នកវិនិយោគ។ ចាំបាច់ត្រូវធ្វើយ៉ាងណាឱ្យផ្ទះរបស់យើងស្អាត ទើបយើងហៅមិត្តភ័ក្តិជាអ្នកវិនិយោគរបស់យើងឱ្យមកលេង ហើយដើម្បីឈានទៅសម្រេចបានជោគជ័យ សហគ្រិនចាំបាច់ត្រូវអនុវត្តតាមយុទ្ធសាស្ត្រ ៣ចំណុច៖ ១. សមាហរកម្មផ្ទៃក្នុង៖ ត្រូវរួបរួមគ្នាជាធ្លុងមួយ។ ២. ស្គាល់ពីតម្រូវការ៖ ត្រូវស្វែងយល់ឱ្យច្បាស់ពីតម្រូវការចាំបាច់របស់ខ្លួន។ ៣. ភាពជាដៃគូប្រកបដោយតម្លាភាព៖ ត្រូវចេះទាញយកប្រយោជន៍ពីដៃគូអន្តរជាតិ ដោយមានតម្លាភាព ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាឱ្យបានល្អប្រសើរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner