ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ បានបើកឱ្យធ្វើដំណើរជាបណ្តោះអាសន្នក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ក្រចេះ៖មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនព្រមទាំងរដ្ឋបាលខេត្តក្រចេះ ពិសេសក្រុមហ៊ុនសាងសង់ស្ពានបានសម្រេចអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះជាបណ្ដោះអាសន្ន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥។

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ក្នុងពិធីបើកដំណើរថា ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៨ ខែកញ្ញារហូតដល់ថ្ងៃទី ២៨ ខែកញ្ញាដែលមានរយៈពេល ២១ថ្ងៃ ដើម្បីសម្រួលដល់ការធ្វើដំណើរមមាញឹករបស់ប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ។

ការបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ននេះចំពោះមធ្យោបាយធ្វើដំណើរដូចជា ថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ចាប់ពី១២កៅអីចុះតែប៉ុណ្ណោះ ។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកបើកបរសូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ។

ក្នុងកម្មវិធីខាងលើក៏មានការចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ តំណាងក្រុមហ៊ុនសាងសង់ផងដែរ៕
ដោយ៖ ឡុង សំបូរ


