ថៃព្រមានពីទឹកជំនន់ភ្លាមៗច្រើនកន្លែង

បាងកក ៖ នៅថ្ងៃអង្គារនេះ ថៃបានព្រមានពីភ្លៀងធ្លាក់ខ្លាំង, ទឹកជំនន់ភ្លាមៗច្រើនកន្លែង ព្រមទាំង រលកសមុទ្រខ្ពស់ៗ ខណៈដែលទាហានជើងទឹក ត្រូវបានជំរុញ ឱ្យមានការប្រុងប្រយ័ត្ន។

នាយកដ្ឋានឧតុនិយមថៃ បានរាយការណ៍ នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ ថា ខ្យល់មូសុង បានលាតសន្ធឹង ពាសពេញភាគខាងជើង និងភាគឦសាន ខណៈដែលខ្យល់មូសុងនិរតី កម្រិតមធ្យម បានគ្របដណ្តប់ លើសមុទ្រ Andaman ភាគខាងត្បូង ប្រទេសថៃ និង ឈូងសមុទ្រថៃ។

នឹងមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់ដាច់ស្រយាល ទូទាំងប្រទេស ដោយនឹងមានភ្លៀងធ្លាក់ខ្លាំង នៅខេត្តភាគខាងកើត។ ប្រជាពលរដ្ឋ នៅតំបន់ទាំងនេះ ត្រូវបានណែនាំឲ្យរក្សាការប្រុងប្រយ័ត្ន ចំពោះទឹកជំនន់ភ្លាមៗ និងទឹកទន្លេហៀរហូរ ជាពិសេស នៅជិតតំបន់ទំនាប និង ជើងភ្នំ។

គួរបញ្ជាក់ថា ប្រទេស ថៃ តែងតែជួបប្រទះនូវភ្លៀងមូសុងប្រចាំឆ្នាំ នៅចន្លោះខែឧសភា និងខែតុលា ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ បាននិយាយថា ការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្ស កំពុងបណ្តាលឱ្យមានគំរូអាកាសធាតុ កាន់តែអាក្រក់ខ្លាំង ដែលអាចធ្វើឱ្យមានទឹកជំនន់ បំផ្លិចបំផ្លាញ កាន់តែច្រើន។

ទឹកជំនន់ ថៃ កើតមានឡើង សឹងតែរាល់ឆ្នាំ ក្នុងនោះ កាលពីឆ្នាំ២០២១ ធ្លាប់បានផ្តាច់យកជីវិតមនុស្ស ជាង៥០០នាក់ និង បំផ្លាញផ្ទះសម្បែង អស់រាប់លានខ្នង និងផលដំណាំ យ៉ាងតំណំ។

កាលពីដើមខែកញ្ញា ព្យុះត្រូពិច ណុងហ្វា បានវាយប្រហារប្រទេសថៃ បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់ ប៉ះពាល់ដល់ស្រុកជាច្រើន នៅក្នុងខេត្ត ផេតឆាប៊ុន ជន់លិចទាំងតំបន់ពាណិជ្ជកម្ម ។ កាលពីថ្ងៃទី២៧ ខែសីហា ព្យុះទីហ្វុង Kajiki ក៏បណ្តាលឲ្យថៃ មានការបាក់ដី និង ទឹកជំនន់ ដែលវាយលុកភូមិ ចំនួនពីរ នៅក្នុងភូមិ Ban Pang Ung មានប្រជាពលរដ្ឋប្រហែល ៥០០គ្រួសារ សរុប ប្រមាណ ២,០០០នាក់ ហើយ បណ្តាលឲ្យស្លាប់មនុស្ស ប្រមាណ ១០នាក់៕

ប្រភពពី The Nation, AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner