សម្តេចធិបតី ៖ កម្ពុជា បានតភ្ជាប់ជើងមេឃ ទៅកាន់ ពិភពលោក កាន់តែធំ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ

(ភ្នំពេញ)៖ ជាមួយការអបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា បានតភ្ជាប់ជើងមេឃ ទៅកាន់ ពិភពលោក កាន់តែធំ តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខណៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ បានចាប់ហោះហើរជាផ្លូវការហើយ ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្ញើសារអបអរសាទរ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានចាប់ផ្តើមបើកដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តទៅ ហើយសម្តេចធិបតី បានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិតេជោ ដ៏ធំសំបើមរបស់កម្ពុជាថ្មីនេះ គឺនឹងតភ្ជាប់ជើងមេឃ កម្ពុជា ទៅពិភពលោកកាន់តែធំ និងទូលាយជាងមុនបន្ថែមទៀត ។

សម្តេចធិបតី បានបន្ថែមថា វិស័យអាកាសចរ គឺជា មធ្យោបាយធ្វើដំណើរ ដឹកជញ្ជូនមួយ ក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេស ឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនងកាទូត និងគោលដៅផ្សេងៗរាប់មិនអស់។ អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួន យ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែក ក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្ម របស់អ្នកដំណើរ ពិសេស ការតម្រង់គោលដៅមកកាន់កម្ពុជា ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០២០ ។ អាកាសយានដ្ឋានអន្តរជាតិតេជោនេះ គឺជាច្រកទ្វារថ្មីភ្ជាប់កម្ពុជា ទៅកាន់ពិភពលោក ដោយមានផ្ទៃដី ២៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែក ស្ថិតនៅស្រុកបាទីខេត្តតាកែវ ។

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាព្រលានយន្តហោះខ្នាតធំប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner