មេ UN ថ្កោលទោសប៉ាឡេស្ទីនបាញ់ប្រហារនៅអ៊ីស្រាអែល
ហ្ស៊េរុយសាឡិម ៖ ប្រមុខអង្គការសហប្រជាជាតិបានប្រកាសថ្កោលទោស ជនជាតិប៉ាឡេស្ទីន បាញ់ប្រហារ នៅទីក្រុង ហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល ដោយចាត់ទុកថា «ជាភេរវកម្មដ៏សាហាវ» ។
លោក Stephane Dujarric អ្នកនាំពាក្យ របស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មាន ថា លោកអគ្គលេខាធិការបានថ្កោលទោស ការវាយប្រហារភេរវកម្ម កាលពីថ្ងៃច័ន្ទ នៅទីក្រុងហ្ស៊េរុយសាឡិម ដែលបានសម្លាប់ មនុស្ស៦នាក់។
លោកបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា «អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្ម ថ្ងៃនេះ នៅក្នុងទីក្រុងហ្ស៊េរុយសាឡិម» ដោយបន្ថែមថា ប្រធាន អង្គការសហប្រជាជាតិ រូបនេះ កំពុងបង្ហាញ «ការរំលែកទុក្ខដ៏ក្រៀមក្រំ របស់លោក» ទៅកាន់គ្រួសារ ជនរងគ្រោះ។
ខ្មាន់កាំភ្លើងប៉ាឡេស្ទីនបានបើកការបាញ់ប្រហារ នៅចំណតរថយន្តក្រុងមួយកន្លែង នៅភាគខាងកើត ក្រុងហ្ស៊េរុយសាឡិម កាលពីថ្ងៃចន្ទ ទី៨ ខែកញ្ញា ដោយបានសម្លាប់មនុស្ស ៦នាក់ និង ជាច្រើននាក់ទៀត រងរបួស។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាថា «យើងនឹងពង្រឹងប្រតិបត្តិការរបស់យើង» បន្ទាប់ពីខ្មាន់កាំភ្លើង ប៉ាឡេស្ទីន បានបើកការបាញ់ប្រហារ នៅចំណតរថយន្តក្រុងមួយកន្លែង នៅភាគខាងកើត នៃទីក្រុង ហ្ស៊េរុយសាឡិម។
ថ្លែងនៅកន្លែងកើតហេតុ លោក Netanyahu និយាយថា «យើងកំពុងប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម… យើងមិនអត់ឱនទេ»។
យោងតាមទីភ្នាក់ងារការពារជនស៊ីវិល របស់ហ្គាហ្សា បានឱ្យដឹងថា ការបាញ់ប្រហារនេះ បានកើតឡើង នៅពេលដែលអ៊ីស្រាអែលបង្កើនប្រតិបត្តិការ វាយប្រហារ នៅក្នុងតំបន់ហ្គាហ្សា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
