តុលាការថៃចេញសាលក្រមផ្តន្ទាទោសដាក់ពន្ធធគារលោក ថាក់ស៊ីន រយៈពេល ១ឆ្នាំ

បាងកក ៖ តុលាការកំពូលថៃ នៅថ្ងៃអង្គារនេះ បានសម្រេចចេញសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ រយៈពេលមួយឆ្នាំ ទាក់ទិនសំណុំរឿងដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជំនួសឱ្យការជាប់ពន្ធនាគារ បន្ទាប់ពីរូបលោកត្រឡប់ចូលស្រុកវិញកាលពីឆ្នាំ២០២៣។

តាមរយៈសាលក្រមរបស់ខ្លួន តុលាការកំពូលថៃបានសម្រេចថា ការបញ្ជូនរូបលោក ថាក់ស៊ីន ទៅកាន់មន្ទីរពេទ្យមិនត្រឹមត្រូវតាមផ្លូវច្បាប់ ហើយជនជាប់ចោទបានដឹងយ៉ាងច្បាស់ថា សុខភាពខ្លួនឯងមិនមែនជាបញ្ហាបន្ទាន់នោះទេ ដូច្នេះការសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារឡើយ។ យោងតាមប្រភពពីអ្នករាយការណ៍ព័ត៌មានរបស់កាសែតរ៉យទ័រ ប៉ូលិសថៃនឹងចាប់បញ្ជូនលោក ថាក់ស៊ីន ញាត់ទៅក្នុងគុកវិញ។

សូមបញ្ជាក់ថា មហាសេដ្ឋីវ័យ ៧៦ឆ្នាំរូបនេះ បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីថៃកាលពីឆ្នាំ ២០០១ និងម្តងទៀតនៅឆ្នាំ ២០០៥ ប៉ុន្តែក្រោយមកលោកបានរត់ចោលស្រុកដោយសារតែរដ្ឋប្រហារយោធា។ បន្ទាប់មកលោក ថាក់ស៊ីន បានធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់រយៈពេល ១៥ឆ្នាំ។ ពេលត្រឡប់មកដល់ថៃ លោកត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធគារ ៨ឆ្នាំ ពីបទជម្លោះផលប្រយោជន៍ និងរំលោភអំណាច ហើយទោសនេះត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយមកនៅត្រឹម១ឆ្នាំ។

ប៉ុន្តែលោកបានចូលក្នុងពន្ធនាគារតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលំដាប់ VIP មួយក្នុងទីក្រុងបាងកក ក្រោមហេតុផលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ លោក Thaksin បានដេកសម្រាកព្យាបាលដល់ទៅ ៦ខែ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner