ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យា៖ មិនគួរឱ្យជឿសោះតាមរយៈការដឹកនាំរបស់សម្តេចតេជោ អាចសង្គ្រោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត នាំកម្ពុជាឱ្យមានការឯកភាពទឹកដី ឯកភាពជាតិ មានសន្តិភាព

ភ្នំពេញ៖ លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា បានបញ្ជាក់ថា មិនគួរឲ្យជឿសោះតាមរយៈការដឹកនាំរបស់សម្តេចតេជោ អាចសង្គ្រោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយនាំកម្ពុជាឱ្យមានការឯកភាពទឹកដី ឯកភាពជាតិ មានសន្តិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ចដែលឃើញពីភាពរីកចម្រើននាពេលបច្ចុប្បន្ននេះ។ ការបញ្ជាក់នេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា សម្តេចតេជោបានសម្តែងនូវក្តីរីករាយដែលបានជួបជាមួយនឹងលោកសាស្ត្រាចារ្យបណ្ឌិត និងសហការី ហើយសង្ឃឹមថា វត្តមានរបស់លោកសាស្ត្រាចារ្យបណ្ឌិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាផ្នែកមួយដ៏សំខាន់នៅក្នុងការចូលរួមចំណែកពង្រីកនៅផ្នែករូបវិទ្យា ក៏ដូចជាបច្ចេកវិទ្យាវិទ្យាសាស្ត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។

ឯកឧត្តម ជា ធីរិទ្ធ បានបន្តថា នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត ណូវេសស្លូវ ដែលជាពានរង្វាន់ណូបែលរូបវិទ្យាបានសម្តែងនៅការអរគុណយ៉ាងក្រៃលែងចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានឱ្យលោកសាស្ត្រាចារ្យ និងសហការី បានជួបសម្តែងការគួរសម។ នេះគឺជាលើកទី១ សម្រាប់លោកដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយបានឃើញពីភាពរីកចម្រើន ហើយមិនគួរឱ្យជឿសោះតាមរយៈការដឹកនាំរបស់សម្តេចតេជោ អាចសង្គ្រោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយនាំកម្ពុជាឱ្យមានការឯកភាពទឹកដី ឯកភាពជាតិ មានសន្តិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ចដែលឃើញពីភាពរីកចម្រើននាពេលបច្ចុប្បន្ននេះ។

អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា លោកសាស្ត្រាចារ្យបណ្ឌិត ណូវេសស្លូវ បានលើកឡើងថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្នតាមរយៈដែលលោកបានបំពេញទស្សនកិច្ចនៅកម្ពុជាប៉ុន្មានថ្ងៃមកនេះ ឃើញពីសក្តានុពលនៃយុវជនរបស់កម្ពុជាដែលមានសមត្ថភាព ហើយក្នុងបេសកកម្មនាពេលនេះនៅកម្ពុជា នឹងរកយុវជន និស្សិតកម្ពុជាដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ ផ្នែករូបវិទ្យា និងបច្ចេកវិទ្យាដើម្បីបណ្តុះបណ្តាលបន្ថែមទៀតឱ្យក្លាយជាធនធានដែលមានភាពពូកែនៅក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជាពិសេសគឺរូបវិទ្យាតែម្តង។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងដែលលោកសាស្ត្រាចារ្យម្ចាស់ជ័យលាភីណូបែលផ្នែករូបវិទ្យាបានសម្លឹងឃើញឱកាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានផែនការក្នុងការបណ្តុះបណ្តាលយុវជន និងនិស្សិតកម្ពុជាដែលមានសមត្ថភាពឲ្យកាន់តែយល់ដឹងស៊ីជម្រៅពូកែនៅក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជាពិសេសគឺផ្នែករូបវិទ្យា។ ដោយសម្តេចតេជោបានលើកឡើងទៀតថា យុវជនកម្ពុជា និងនិស្សិតកម្ពុជា នាពេលបច្ចុប្បន្ន គឺមានសមត្ថភាពគួរឱ្យកត់សម្គាល់ដែលពួកគេបានរីកចម្រើន និងខិតខំប្រឹងប្រែងក្នុងការលត់ដំខ្លួន។ តាមរយៈគម្រោងផែនការរបស់លោកសាស្ត្រាចារ្យនៅកម្ពុជានេះបន្ថែមទៀត នឹងជាក្តីសង្ឃឹមបន្ថែមនៅក្នុងពង្រីកនៅវិស័យបច្ចេកវិទ្យា វិទ្យាសាស្ត្រ ជាពិសេសផ្នែករូបវិទ្យានៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner