ក្រសួងការងារជូនដំណឹងដល់ម្ចាស់រោងចក្រ-សហគ្រាសអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក និងបើកប្រាក់ឈ្នួលឱ្យបានមុនថ្ងៃសម្រាក
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានជូនដំណឹងឱ្យម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រអនុវត្តការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃទៅដល់កម្មករនិយោជិតចាប់ពីថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥ដោយមានប្រាក់ឈ្នួល និងសម្របសម្រួលឱ្យមានការបើកប្រាក់ឈ្នួលខែកញ្ញាដល់កម្មករនិយោជិតឱ្យបានមុនថ្ងៃឈប់សម្រាកនាពេលខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចុះផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងលិខិតដែលចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក្រសួងបានគូសបញ្ជាក់ថា៖ “សូមម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រអនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនឈប់ សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រយៈពេល ៣ (បី) ថ្ងៃ គឺថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែកញ្ញា ដែលកម្មករនិយោជិតត្រូវទទួលបានឱ្យបានមុនថ្ងៃឈប់សម្រាកនេះ”។
ប៉ុន្តែទន្ទឹមនឹងនេះ ក្រសួងការងារ ក៏បានណែនាំថា ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមីនិងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រដែលត្រូវបានចុះទិដ្ឋាការដោយអធិការការងារ ឬអនុសញ្ញារួមដែលត្រូវបានចុះបញ្ជីនៅក្រសួង ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ២១៨/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៥។
បើតាមលិខិតដដែល ចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃឈប់សម្រាកបុណ្យដោយផ្លាស់ប្ដូរវេនគ្នា។
ដោយឡែកប្រសិនបើការផ្លាស់ប្ដូរវេនគ្នានេះ មិនអាចគាំទ្រដល់ដំណើរការ អាជីវកម្មរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រនិងតំណាងកម្មករ និយោជិតអាចពិភាក្សា និងព្រមព្រៀងគ្នាឱ្យកម្មករនិយោជិតទាំងអស់នៅធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យនេះដោយត្រូវរៀបចំឱ្យមានការឈប់សម្រាកជំនួសនៅពេលណាមួយផ្សេងទៀតបាន។
ចំពោះករណីនេះ ក្រសួងការងារ បានណែនាំឱ្យម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។
យ៉ាងណាក៏ដោយ ក្នុងការសម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ប្រសិនបើកម្មករនិយោជិតមិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលត្រឹមត្រូវទេនោះ កម្មករនិយោជិតអាចប្តឹងមកក្រសួងតាមរយៈប្រព័ន្ធទាន់ហេតុការណ៍លេខ ១២៨៦ ឬតាមរយៈប្រអប់បណ្តឹងអនាមិក (https://feedback.mlvt.gov.kh/feedback) ដើម្បីក្រសួងចាត់វិធានការតាមច្បាប់ជាធរមាន ៕


ដោយ ៖ ង៉ាន់ ទិត្យ