ប្រធានាធិបតីហ្វីលីពីន និងលោកជំទាវទី១ អញ្ជើញចាកចេញពី អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

(កណ្តាល)៖ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ លូអ៉ីស អារ៉ាណេតា-ម៉ាកូស (Louise Araneta-Marcos) អញ្ជើញចាកចេញ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ ។

សូមជម្រាបថា ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ បានអញ្ជើញមកដល់កម្ពុជា កាលពីល្ងាចថ្ងៃទី០៧ ខែកញ្ញា ដើម្បីបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ Louise Araneta-Marcos អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ Louise Araneta-Marcos បានទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋយ៉ាងកក់ក្ដៅបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានអញ្ជើញជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជ៍ នៅវិមានសន្តិភាពផងដែរ ។

នៅក្នុងជំនួបរវាង ឯកឧត្តមប្រធានាធិបតីហ្វីលីពីន និងថ្នាក់ដឹកនាំកម្ពុជា ភាគីទាំងពីរ បានបង្ហាញការពេញចិត្តនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ។ ថ្នាក់ដឹកនាំកម្ពុជា បានបញ្ជាក់សាជាថ្មី នូវការគាំទ្រយ៉ាង​សកម្មតួនាទីហ្វីលីពីន ជាប្រធាន​អាស៊ាន ឆ្នាំ២០២៦ ដើម្បីរួមគ្នាកសាងសហគមន៍អាស៊ានដ៏រឹងមាំ មានភាពធន់ និងប្រកប ដោយបរិយាបន្ន និងមាន​ប្រជាជនជាស្នូល ។

ថ្នាក់ដឹកនាំកម្ពុជា បានចាត់ទុកវត្តមានរបស់ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នៅកម្ពុជា​នាពេលនេះ បានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ គឺកម្ពុជា និងហ្វីលីពីន ដែលជាឱកាសសម្រាប់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានជួបជុំគ្នា និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ ។

ក្នុងជំនួបជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឯកឧត្តមប្រធានាធិបតី Marcos Jr. ក៏បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងបានសន្យាថា នឹងបន្តពង្រឹង កិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ។ ឯកឧត្តមប្រធានាធិបតី បានបន្ថែមថា ប្រទេសទាំងពីរ នៅមានសក្តានុពលជាច្រើនទៀត ដែលជាកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងយូរអង្វែង ។

ជាមួយនេះ ថ្នាក់ដឹកនាំ កម្ពុជា និងហ្វីលីពីន បានពិភាក្សាផ្លាស់ប្តូរយោបល់ អំពីការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី លើវិស័យអាទិភាពមួយចំនួន រួមមាន៖ សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម, ទេសចរណ៍, ថាមពល និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាដើម។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់អំពីការពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈយន្តការពហុភាគី ទាំងក្នុងក្របខ័ណ្ឌ អាស៊ាន និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាព ។

ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ឯកឧត្តមប្រធានាធិបតី បានបង្ហាញ នូវការគាំទ្រចំពោះបទឈប់បាញ់ និង បានបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ហ្វីលីពីន ដើម្បីចូលរួមជួយជំរុញឱ្យមានបទឈប់បាញ់មួយជាអចិន្ត្រៃយ៍ សំដៅធានាដល់សន្ដិភាព និងស្ថិរភាព នៃប្រទេសទាំងពីរ ។ សម្ដេចធិបតី បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានាធិបតី ដែលបានគាំទ្របទឈប់បាញ់ រវាងកម្ពុជា-ថៃ ព្រមទាំងអរគុណហ្វីលីពីន ដែលចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍ អន្តរកាល (IOT) នៅកម្ពុជា ក៏ដូចជាការបង្កើនក្រុមអ្នកសង្កេតការណ៍អន្តរកាល នៅកម្ពុជា ផងដែរ​ ។

បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយលទ្ធផលជាផ្លែផ្កា, ថ្នាក់ដឹកនាំទាំងពីរ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនបី គឺ ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីសេវាអាកាសចរណ៍, ២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ, និង ៣. លិខិតប្តូរសារ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ៕

អត្ថបទ ៖ វណ្ណលុក

រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ads banner