ទ័ពវេណេស៊ុយអេឡា២៥,០០០នាក់ទៅព្រំដែន ចំពេលតានតឹងជាមួយអាមេរិក
ការ៉ាកាស ៖ លោក ម៉ាឌូរ៉ូ ប្រធានាធិបតី ប្រទេសវេណេស៊ុយអេឡា បានអះអាងថា លោកបានដាក់ពង្រាយទាហាន ២៥,០០០នាក់ ទៅកាន់ព្រំដែន ក្នុងពេលតានតឹង ជាមួយអាមេរិក។
លោក Nicolas Maduro បាននិយាយថា លោកបានដាក់ពង្រាយកងទ័ព ទាំងនោះ ទៅប្រចាំការនៅតាមឆ្នេរសមុទ្រ ការ៉ាប៊ីន និង ព្រំដែនជាមួយប្រទេស កូឡុំប៊ី ចំពេលមានភាពតានតឹងកើនឡើង ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។
តាមរយៈសារមួយ លើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីយប់ថ្ងៃអាទិត្យ លោក Maduro បាននិយាយថា លោកបានដាក់ពង្រាយ «ទាហាន ទាំងបុរស និងស្ត្រី ២៥,០០០នាក់ ចេញពីកងកម្លាំងប្រដាប់អាវុធជាតិ Bolivarian ដ៏រុងរឿងរបស់យើង ទៅកាន់ព្រំដែន ជាមួយប្រទេសកូឡុំប៊ី និង ឆ្នេរសមុទ្រ ភាគឦសាន ដែលជាកន្លែង ទីតាំងរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុត របស់ប្រទេស»។
លោក បានបន្ថែមថា ការដាក់ពង្រាយនេះ មានគោលបំណងធានា ការការពារអធិបតេយ្យភាពជាតិ សន្តិសុខរបស់ប្រទេស និងការតស៊ូ ដើម្បីសន្តិភាព។
លោក មិនបានសំដៅលើលោក Trump នោះទេ តែ លើកឡើង ពីតម្រូវការក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន វេណេស៊ុយអេឡា ជាពិសេស ក្នុងការបញ្ជាឱ្យមានការបង្កើតកងទ័ពជើងទឹក ដ៏ធំបំផុត នៅការ៉ាប៊ីន មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំ។
កាលពីសប្តាហ៍មុន កងកម្លាំងអាមេរិកបានវាយប្រហារ ទូកសង្ស័យគ្រឿងញៀនមួយគ្រឿង សម្លាប់មនុស្ស ១១នាក់ នៅក្នុងសមុទ្រការ៉ាប៊ីន។
លោក Trump បាននិយាយថា ទូកនេះ ជាកម្មសិទ្ធិរបស់ក្រុមឧក្រិដ្ឋជន វេណេស៊ុយអេឡា Tren de Aragua ប៉ុន្តែ បានផ្តល់ភស្តុតាងតិចតួច ក្នុងការ ការពារ ការអះអាងនេះ។
មេដឹកនាំអាមេរិក រូបនេះ ក៏បានគំរាមបាញ់ទម្លាក់យន្តហោះយោធាវេណេហ្ស៊ុយអេឡា ប្រសិនបើពួកគេបង្កគ្រោះថ្នាក់ ដល់កងកម្លាំងអាមេរិក បន្ទាប់ពីយន្តហោះវ៉េណេស៊ុយអេឡា ពីរគ្រឿង បានហោះក្បែរនាវាកងទ័ពជើងទឹកអាមេរិក ក្នុងដែនទឹកអន្តរជាតិ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត