អ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា លើកគម្រោងផែនការរៀបចំជាមន្ទីរពិសោធន៍ ដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជា បង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យា

(ភ្នំពេញ)៖ អ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា បានលើកគម្រោងផែនការ នឹងរៀបចំ ជាមន្ទីរពិសោធន៍ ដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជាដែលមានសមត្ថភាព អាចពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យា ។ លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ ណូបែលរូបវិទ្យា បានបង្ហាញគម្រោងផែនការនេះ ក្នុងឱកាសដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួបជាមួយ លោកសាស្ត្រាចារ្យបណ្ឌិត និងសហការី ហើយសង្ឃឹមថា វត្តមានលោកសាស្ត្រាចារ្យបណ្ឌិត នាពេលនេះ នឹងជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកពង្រីកនូវផ្នែករូបវិទ្យា ក៏ដូចជាបច្ចេកវិទ្យា វិទ្យាសាស្ត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមទៀត ។

លោកសាស្ត្រាចារ្យបណ្ឌិត បានលើកឡើងថា នេះជាលើកទី១ សម្រាប់លោក ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយក៏បានឃើញពីភាពរីកចម្រើន របស់កម្ពុជាផងដែរ។ លោកធ្លាប់បានដឹងពីប្រវត្តិរបស់ប្រទេសកម្ពុជា ដែលធ្លាប់បែកបាក់ ធ្លាប់ធ្លាក់ក្នុងភ្លើងសង្គ្រាម ហើយលោក មិនគួរឲ្យជឿសោះថា តាមរយៈការដឹកនាំរបស់សម្ដេចតេជោ អាចសង្គ្រោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយនាំកម្ពុជា ឱ្យមានការឯកភាពទឹកដី ឯកភាពជាតិ មានសន្តិភាព និងមានការអភិវឌ្ឍន៍សេដ្ឋកិច្ច រហូតមានការរីកចម្រើន ដល់ពេលបច្ចុប្បន្ននេះ ។

លោកសាស្ត្រាចារ្យ បានលើកឡើងទៀតថា បច្ចុប្បន្ននេះ លោកបានមើលឃើញ ពីសក្ដានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះ យុវជនកម្ពុជា ដែលមានសមត្ថភាព ហើយក្នុងបេសកកម្មរបស់លោកនៅពេលនេះ កំពុងស្វែងរកយុវជន និងនិស្សិតកម្ពុជា ដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ ផ្នែករូបវិទ្យា និងបច្ចេកវិទ្យា ដើម្បីបណ្ដុះបណ្ដាលពួកគាត់បន្ថែមទៀត ក្លាយទៅជាធនធានដ៏ពូកែ ក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ លោកបានបញ្ជាក់ទៀតថា គម្រោងផែនការរបស់លោក នឹងរៀបចំជាមន្ទីរពិសោធន៍ ដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជា ដែលមានសមត្ថភាពអាចពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យានេះ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ដែលលោកសាស្ត្រាចារ្យ ម្ចាស់ជ័យលាភីណូបែលផ្នែករូបវិទ្យា បានសម្លឹងឃើញ ឱកាសក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានផែនការក្នុងការ បណ្ដុះបណ្ដាលយុវជនកម្ពុជា ដែលមានសមត្ថភាពឱ្យមានការយល់ដឹងស៊ីជម្រៅក្នុងផ្នែកបច្ចេកវិទ្យា ។

សម្ដេចតេជោ បានលើកឡើងទៀតថា យុវជនកម្ពុជា គឺមានសមត្ថភាពគួរឱ្យកត់សម្គាល់ ដែលពួកគេបានខិតខំប្រឹងប្រែង និងអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ ហើយតាមរយៈគម្រោងរបស់លោកសាស្ត្រាចារ្យ ក្នុងព្រះរាជាណាចក្រកម្ពុជានេះ ក្តីសង្ឃឹមបន្ថែមទៀត ក្នុងវិស័យបច្ចេកវិទ្យា ជាពិសេស ក្នុងផ្នែករូបវិទ្យា អោយកាន់តែមានភាពរីកចម្រើន។

សម្តេចតេជោ បានលើកឡើងសូមឱ្យលោកសាស្ត្រាចារ្យ ប្រឹងប្រែងធ្វើកិច្ចការងារនេះ ជាមួយក្រសួងពាក់ព័ន្ធ ជាពិសេស ក្រសួងអប់រំ ដើម្បីធ្វើយ៉ាងណាឲ្យយុវជនកម្ពុជា កាន់តែមានសមត្ថភាព នៅក្នុងផ្នែកបច្ចេកវិទ្យាវិទ្យាសាស្ត្រនេះ កាន់តែច្រើន ។

លោកសាស្ត្រាចារ្យ បានចោទសួរសម្ដេចតេជោ ទាក់ទងទៅគន្លឹះក្នុងការអភិវឌ្ឍប្រទេស បានរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។

សម្ដេចតេជោ បានមានប្រសាសន៍ពីប្រវត្តិនៃការខិតខំអភិវឌ្ឍន៍ប្រទេសជាតិពីបាតដៃទទេ រួមទាំងការដាក់ចេញនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីសម្រេចផែនការ ធ្វើយ៉ាងណាឲ្យប្រទេសជាតិមានសន្តិភាពនៅឆ្នាំ១៩៩៨ ជាពិសេស ទាក់ទងទៅនឹងនយោបាយឈ្នះឈ្នះ  បន្ថែមលើសពីនេះទៅទៀត គឺយុទ្ធសាស្ត្រ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានការរីកចម្រើនជាបន្តបន្ទាប់មក។

លោកសាស្ត្រាចារ្យបានស្ដាប់ដោយយកចិត្តទុកដាក់ ហើយនឹងយកយុទ្ធសាស្ត្រ ក៏ដូចជា នយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ទៅអនុវត្តក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្សជំនាន់ក្រោយៗទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner