នាយករដ្ឋមន្ត្រីកម្ពុជា ៖ រាជរដ្ឋាភិបាល មិនបានស្ងៀមស្ងាត់ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ខ្លី ៤ចំណុច ស្រាយចម្ងល់ពីភាពស្ងាត់ស្ងៀមរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន ទោះបីជាកិច្ចការជាច្រើន មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ខណៈការចរចារនានា រវាងកម្ពុជា-ថៃ មិនភ្ជាប់លក្ខខណ្ឌដកកងទ័ព និងកាត់ដោះដូរដី ពីកន្លែងជម្លោះនោះទេ ។
សម្ដេចធិបតី បានលើកឡើងតាមបណ្ដាញសង្គមថា ដោយសារមួយរយៈនេះ ឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង។ ខ្ញុំសូមយកឱកាសបញ្ជាក់ដោយសង្ខេប ៖
១. ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ?
- បងប្អូនមួយចំនួនប្រហែលជាយល់ថាទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗ បញ្ចេញសារតាមទូរទស្សន៍ ឬបណ្តាញសង្គមជាប្រចាំ បានគិតថា រដ្ឋាភិបាលអត់ស្ងៀមស្ងាត់។
សម្ដេចធិបតី ថា នៅក្នុងដំណាក់កាលដែលសភាពមានការប្រែប្រួលលឿន និងមានភាពមិនច្បាស់លាស់ ការធានានូវសង្គតិភាពនៃពត៌មានគឺសំខាន់ណាស់ ដើម្បីកុំឱ្យមានបញ្ហាច្របូកច្របល់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការ និងប្រគល់ភារកិច្ចជូន ក្រុមអ្នកនាំពាក្យ ដែលមានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើកិច្ចការងារផ្សព្វផ្សាយព័ត៌មានជាប្រចាំ។ បន្ថែមលើយន្តការនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការបរទេស ក្រសួងព័ត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គណៈអភិបាលខេត្តពាក់ព័ន្ធ។ល។ ក៏មានផ្សព្វផ្សាយនូវវិធានការសំខាន់ៗរបស់ខ្លួន ឱ្យប្រជាពលរដ្ឋបានជ្រាបជាប់ជាប្រចាំផងដែរ។
២. តើរាជរដ្ឋាភិបាលបានបញ្ជារឱ្យកងទ័ពជួរមុខនៅសមរភូមិដកថយទេ ក្រោយពីចរចារបទឈប់បាញ់?
- ចម្លើយខ្លី គឺគ្មានទេ។
រាជរដ្ឋាភិបាល មិនមានដាក់បទបញ្ជាឱ្យដកថយកម្លាំងក្រោយពីមានបទឈប់បាញ់ នោះទេ។ ហើយក្នុងកិច្ចចរចាបទឈប់បាញ់ ក៏គ្មានដាក់លក្ខខណឱ្យកងទ័ពភាគីណា ដកថយពីទីតាំងឈរជើងរបស់ខ្លួននោះដែរទេ។
៣. តើការចរចានានាក្នុងពេលកន្លងមក មានភ្ជាប់លក្ខខណ្ឌជាមួយកាត់ដោះដូរដីឬទេ?
- ចម្លើយខ្លី គឺគ្មានទេ។
សម្ដេចបញ្ជាក់ថា ការចរចាបទឈប់បាញ់ថ្ងៃ ២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី គឺនិយាយពីបទឈប់បាញ់គ្នាតែប៉ុណ្ណោះ។ ការចរចាទ្វេភាគីកន្លងមកដោយរាប់ទាំង Extraordinary GBC រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និង កិច្ចប្រជុំថ្នាក់តំបន់ រវាងយោធភូមិភាគ (RBC) ក៏មិនមាននិយាយពីការកំណត់ព្រំដែននោះដែរ។ រាល់លទ្ធផលនៃកិច្ចប្រជុំ (រាប់ទាំងប្រជុំពិសេសថ្ងៃទី ២៨ កក្កដា, ប្រជុំវិសាមញ្ញ GBC និង RBC) សុទ្ធតែបង្ហាញជាសាធារណៈទាំងអស់។ គ្មានការលាក់បាំងទេ។ ហើយក៏គ្មាន ការចរចាសម្ងាត់ណាផ្សេង ក្រៅពីកិច្ចប្រជុំទាំងនោះដែរ។
ចំពោះកិច្ចការចរចាព្រំដែន កម្ពុជានៅតែប្រកាន់យកជំហរ នៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែន ដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ ។
៤. តើរដ្ឋាភិបាល ក្រសួងការពារជាតិអត់មានជួយអ្វីដល់កងទ័ពជួរមុខទេ បានជាឃើញតែសប្បុរសជនជួយ?
- ចម្លើយខ្លី គឺរាជរដ្ឋាភិបាល មិនដែលបោះបង់ការទទួលខុសត្រូវរបស់ខ្លួន ចំពោះបងប្អូនវីរៈកងទ័ព វីរៈនគរបាលជាតិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប៉ះពាល់ ដោយសារការប្រយុទ្ធគ្នា ឬមានការបំពានផ្សេងៗនោះទេ។
សូមបងប្អូនមេត្តាយោគយល់ ចំពោះការដែលក្រសួង ស្ថាប័នរបស់រដ្ឋ មិនបានថតបង្ហោះ ឬដាក់ចេញនូវរបាយការណ៍ជាសាធារណៈ អំពីរាល់ការងារធានា និងផ្គត់ផ្គង់ដល់កងទ័ពជួរមុខនោះទេ ដែលអាចឱ្យបងប្អូនមួយចំនួនយល់ច្រឡំថា រាជរដ្ឋាភិបាល មិនបានយកចិត្តទុកដាក់ដល់កងទ័ពជួរមុខ ។
សម្ដេចបន្តថា បន្ថែមលើនោះ ការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាល ក៏មិនត្រឹមតែសម្រាប់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាល ត្រូវគិតគូរជាប្រចាំសម្រាប់កងទ័ពនិងប្រជាជនទូទាំងប្រទេស និងគ្រប់វិស័យតែម្តង ។
ជាមួយគ្នានេះ សម្ដេចធិបតី សូមធ្វើការថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានទឹកចិត្តស្នេហាជាតិ និងគាំទ្រដល់កងកម្លាំងជួរមុខរបស់យើង តាមរយៈការជួយឧបត្ថម្ភគាំទ្រជាស្បៀងអាហារ សម្ភារៈ មធ្យោបាយ ដល់កងទ័ពជួរមុខរបស់យើង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលដោះស្រាយជូន។ រាជរដ្ឋាភិបាលតែងតែស្វាគមន៍នូវស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរនេះ តាំងតែពីមុនផ្ទុះអាវុធកាលពីថ្ងៃទី ២៤ កក្កដា មកម្ល៉េះ។ ពេលនេះជាពេលលំបាក ដែលយើងត្រូវរួបរួមសាមគ្គីគ្នា ជួយគ្នា ដើម្បីរួមគ្នាដោះស្រាយបញ្ហា។
ខ្ញុំសង្ឃឹមថា ការបញ្ជាក់ដោយខ្លីប៉ុន្មានចំណុចខាងលើ នឹង អាចដោះស្រាយចម្ងល់មួយចំនួនដែលខ្ញុំបានឃើញតាមបណ្ដាញសង្គមនៅពេលកន្លងមកនេះ ។
ហេតុដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាឱ្យបានឆាប់រហ័ស ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន បើទោះជាកិច្ចការជាច្រើន មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលមើលទៅហាក់ដូចជាមានភាពស្ងាត់ស្ងៀមពេកក៏ដោយ ៕
ដោយ ៖ វណ្ណលុក