ប្រហុកម្សៅកម្ពុជា កំពុងត្រូវបានជំរុញនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ខណៈទីផ្សារក្នុងស្រុកក៏មានតម្រូវការខ្ពស់
(ភ្នំពេញ)៖ ប្រហុកម្សៅកម្ពុជាបានកំពុងទទួលការគាំទ្រ សម្រាប់ការនាំចេញទៅទីផ្សារអឺរ៉ុប បន្ទាប់ពីមានការជួយជ្រោមជ្រែងពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-Capture) ដែលគាំទ្រថវិកាពីសហភាពអឺរ៉ុប ដើម្បីអភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្ម ការវេចខ្ចប់ និងការអនុវត្តប្រព័ន្ធគុណភាព សុវត្ថិភាពម្ហូបអាហារ។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងនៅក្នុងពិធីបើកសម្ពោធសិប្បកម្មផលិត និងកែច្នៃម្សៅប្រហុក ខ្មែរ “ខនហ្វីរេល”ស្ថិតនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ពុំ សុថា បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្នអាហារល្បីឈ្មោះរបស់ខ្មែរមួយនេះ មិនត្រឹមតែពលរដ្ឋខ្មែរពេញនិយមបរិភោគទេ សូម្បីតែទីផ្សារក្រៅប្រទេសក៏អាចលក់កាន់តែដាច់កើនឡើងជាបន្តបន្ទាប់។ ការនាំចេញលក់ក្រៅប្រទេសនឹងធ្វើ ឱ្យអាហារខ្មែរមួយនេះកាន់តែបានការទទួលស្គាល់ និង ពេញនិយមបន្ថែមទៀត ។

ដោយឡែក ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេល ដែលកែច្នៃប្រហុកម្សៅ សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញនោះបានឱ្យដឹងថា បច្ចុប្បន្នផលិតកម្មបានកែច្នៃបាន ៥ពាន់កែវ ស្មើនឹងទម្ងន់១តោនប្រហុក ក្នុងមួយថ្ងៃ។ ប្រហុកម្សៅ ត្រូវបានបញ្ចុះក្លិន បញ្ចុះជាតិអំបិល និងបញ្ចុះសារធាតុហាមឃាត់ដែលប៉ះពាល់ទៅដល់សុខភាពផ្សេងទៀត។

ឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង បានប្រាប់ឱ្យដឹងដែរថា៖ មកទល់នឹងបច្ចុប្បន្ននេះ ក្រុមហ៊ុនខនហ្វីរេលមានអាយុ ២៥ឆ្នាំហើយ។ ចាប់តាំងពីពេលបង្កើតឡើងនៅឆ្នាំ២០០១ មក ខនហ្វីរេលមានទស្សនវិស័យច្បាស់លាស់ ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍគ្រប់ផលិតផលដូនតា ដែលជាសម្បត្តិបេតិកភ័ណ្ឌរបស់ជាតិយើង ដោយប្រើប្រាស់សមត្ថភាព និងធនធានថវិកាផ្ទាល់ខ្លួន ជាមួយនឹងទំនុកចិត្តប្រកបដោយភាពជឿជាក់ ដើម្បីផ្តល់តម្លៃដល់ស្នាដៃបុព្វបុរសបន្សល់ទុកឱ្យ។ លើសពីនេះទៅទៀត ក្រុមហ៊ុន ខនហ្វីរេលទទួលវិញ្ញាបនប័ត្រ HACCP ដែលជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព ។

លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ UNIDO ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ប្រហុកម្សៅនេះ ត្រូវបានធ្វើតេស្តសុវត្ថិភាពម្ហូបអាហារ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីធានាដល់គុណភាព និងសុវត្ថិភាពម្ហូបអាហារ។

ថ្លែងក្នុងពិធីនេះដែរ លោក អ៊ីហ្គ័រ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញពីមោទនភាពក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ និងចូលរួមចំណែកក្នុងការជំរុញការកែច្នៃក្នុងស្រុក បង្កើតការងារសមរម្យ និងលើកកម្ពស់ស្តង់ដារសុវត្ថិភាពម្ហូបអាហារខ្ពស់បំផុត ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការនាំចេញ ហើយលោកចាត់ទុក សមិទ្ធផលនេះហាក់ដូចជាតូច ប៉ុន្តែបង្ហាញពីសក្តានុពលដ៏ធំធេងក្នុងការបំពេញតម្រូវការក្នុងស្រុក រួមចំណែកដល់ការរីកលូតលាស់បៃតងជាតិ និងជួយឱ្យកម្ពុជាអាចឈរជើងប្រកួតប្រជែងក្នុងទីផ្សារក្រៅប្រទេស។
ជាមួយគ្នានេះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា សិប្បកម្មផលិត និង កែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុនខនហ្វីរេល ដែលត្រូវបានធ្វើទំនើបកម្មនិងកែលម្អយ៉ាងល្អប្រសើរប្រកបដោយមោទនភាព ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក គឺប្រហុកសៀមរាបដែលជាម៉ាកស្គាល់ភូមិសាស្រ្តទំនិញ (GI) ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ៖ ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ផ្សេងៗ ដូចជាគម្រោង CAPFISH ដែលបានជួយដល់សិប្បកម្មកែច្នៃម្សៅប្រហុកទទួលបាននូវវិញ្ញាបនបត្រហាសឹប (HACCP) ដែលជាស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ។ ម៉្យាងវិញទៀត តាមរយៈការចងក្រង និង ផ្សារភ្ជាប់រវាងក្រុមអ្នកផលិត ជាមួយនឹងសហគ្រាសកែច្នៃ នឹងជួយរក្សាបាននូវលំនឹងតម្លៃ និង ការផ្គត់ផ្គង់សម្រាប់ទីផ្សារ ដែលជាផ្នែកមួយក្នុងការចូលរួមសម្រេចនូវគោលនយោបាយស្តីពី”សហគមកសិកម្មទំនើប” របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានបង្កើតឱកាសការងារ ជាពិសេសសម្រាប់ពលករមាតុភូមិនិវត្តន៍ដែលជាទិដ្ឋភាពមួយថ្មី និង សំខាន់ចំពោះមុខផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត
