ប្រជាពលរដ្ឋជួបការលំបាកចំនួន៣៣៣គ្រួសារទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
កំពង់ឆ្នាំង៖នៅបរិវេណសាលាខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ មានរៀបចំពិធីសាកសួរសុខទុក្ខផ្ដល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋជួបការលំបាកចំនួនជាង៣០០ គ្រួសារមកពីស្រុក ក្រុងចំនួនបួន។

អញ្ជើញជាអធិបតីក្នុងពិធីនេះមានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាតំណាង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃរដ្ឋបាលខេត្តកំពង់ឆ្នាំងយ៉ាងច្រើនកុះករ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋចូលរួមលោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា គឺជាក្រុមការងារមនុស្សធម៌ដោយយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូបដែលជួបការលំបាកដូចជាចាស់ជរា កុមារកំព្រាស្ត្រីមេម៉ាយ ស្ត្រីគ្មានទីពឹង និងបងប្អូនរងគ្រោះដោយធម្មជាតិផ្សេងៗ ជាដើមដោយមិនទុកឱ្យនរណាម្នាក់ឱ្យឯកោនិងអត់បាយឡើយ។

សូមជម្រាបថា កាកបាទក្រហកម្ពុជា បានរៀបចំផ្ដល់អំណោយជូនដល់បងប្អូនជួបការលំបាកចំនួនសរុប ៨៨៣ គ្រួសារ ដោយចែកចេញជាបីលើក ។ក្នុងនោះ ថ្ងៃទី៩ ខែកញ្ញានេះជាការផ្តល់ជូនលើកទី១មានប្រជាពលរដ្ឋចូលរួមចំនួន ៣៣៣ គ្រួសារមកពីស្រុកក្រុងចំនួនមួយ គឺក្រុងកំពង់ឆ្នាំង ស្រុកជលគីរី ស្រុកទឹកផុស និងស្រុកកំពង់លែង។អំណោយមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូកក់សក់ ម្សៅសាប៊ូកញ្ចប់ ឃីតមួយ(មានមុង១ ភួយ១ សារុង១ និងក្រមា១) ភេសជ្ជៈនិងថវិកាមួយចំនួន៕
ដោយ៖សុខ គឹមសៀន
