លទ្ធផលប្រាំបីខែ៖បំផ្លាញចោលរបាំងស្បៃមុង និងស្បៃអួនស្មើនឹងប្រវែងជាង១៩០គីឡូម៉ែត្រ
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានអះអាងថា រយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ កងកម្លាំងចម្រុះនៃរដ្ឋបាលខេត្តកំពង់ធំបានបង្រ្កាបបទល្មើសនេសាទដោយមិនបន្ធូរដៃ ក្នុងនេះបានបំផ្លាញចោលនូវរបាំងស្បៃអួន និងរបាំស្បៃមុង ដែលជាឧបករណ៍នេសាទល្មើសច្បាប់បើគិតជាប្រវែងមានចំនួនជាង១៩០គីឡូម៉ែត្រ ។

ប្រាប់កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំនៅសាលាខេត្តក្រោមវត្តមានឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥,ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍អំពីលទ្ធផលនៃការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ឯកឧត្តមបានរំលេចពីលទ្ធផលនៃការបង្ក្រាបទល្មើសនេសាទ ក្នុងរយៈពេលប្រាំបីខែកន្លងមក ក្នុងនេះកងកម្លាំងចម្រុះបានកាប់បំផ្លាញរបាំងស្បៃអួន និងរបាំស្បៃមុង ដែលជាឧបករណ៍នេសាទល្មើសច្បាប់បានចំនួនជាង១៩០គីឡូម៉ែត្រ និងចាក់លែងកូនលៀសដែលជនល្មើសលួចនេសាទខុសច្បាប់ប្រមាណជាង១៥តោនចូលទៅក្នុងបឹងទន្លេសាបវិញ។ក្រៅពីនោះក៏បានរឹបអូសនិងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនផ្សេងទៀតផងដែរ ។

សូមជម្រាបថា ខេត្តកំពង់ធំជាខេត្តមួយក្នុងចំណោមខេត្តចំនួនប្រាំ ដែលនៅជាប់នឹងទន្លេសាប បឹងទន្លេសាប ក្នុងនេះមានខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ។ជារឿយទោះជាមានការបង្រ្កាបជាបន្តបន្ទាប់ដោយកម្លាំងជំនាញ កម្លាំងចម្រុះក្តី ក៏បទល្មើសនេសាទ ពិសេសការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ដោយជនល្មើសមួយចំនួនតែងតែលបលួចប្រើ បើទោះបីជាដឹងថា ឧបករណ៍ទាំងនេះបង្កការវិនាសដល់ធនធានធម្មជាតិក៏ដោយ។

ដោយឡែកលទ្ធផលនៃការពារទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិ គឺទប់ស្កាត់បានស្ទើរទាំងស្រុងដោយមិនមានបទល្មើសថ្មីកើតឡើងទៀតទេ ខណៈរយៈពេលជាងមួយឆ្នាំកន្លងមកនេះ កងកម្លាំងចម្រុះបានរកឃើញផ្ទៃដីដែលជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅ ហើយបានដកហូតយកមកគ្រប់គ្រងជាសម្បត្តិរដ្ឋបានជាង ៤.០០០ហិតា ។ទន្ទឹមនេះកងកម្លំាងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំងបីបានដាំស្ដារព្រៃឈើឡើងវិញលើផ្ទៃដីដែលប្រមូលមកវិញបានចំនួនជាង ៥៣.០០០ដើមផងដែរ ។

សូមជម្រាបថា កិច្ចប្រជុំខាងលើមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី ក្រុង ស្រុក ទាំង៩ និងស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តបានកោតសរសើរកងកម្លាំងចម្រុះ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ សោម ស៊ុន ។ឯកឧត្តមបានកោតសរសើរចំពោះខិតខំប្រឹងប្រែងដឹកនាំបំពេញភារកិច្ចដ៏លំបាករហូតទទួលបានជោគជ័យ។បន្ថែមលើការងារដែលកំពុងអនុវត្ត,ឯកឧត្តមអភិបាលខេត្ត បានប្រគល់ភារកិច្ចបន្ថែមទៀតជូនដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព និងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ចំណុចសំខាន់មួយទៀត គឺការសម្របសម្រួលរកការងារជូនពលករចំណាកស្រុកដែលទើបវិលត្រឡប់មកពីប្រទេសថៃ ៕
ដោយ ៖ប៊ុន រដ្ឋា
