ICRC៖ នាយទាហានកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រង​របស់​ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

(ភ្នំពេញ) ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បាន​ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែល​ប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។

នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពី​ការចុះសួរសុខទុក្ខជាលើកទី២នាយទាហានទាំង ១៨រូប នៃកងយោធពល​ខេមរ​ភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គឺក្រោយ​បទឈប់បាញ់ចូលជាធរមាន។ ចំពោះការចុះសួរសុខទុក្ខលើកទី២ ពីសំណាក់​គណៈ​កម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នោះ បានទទួលព័ត៌មានថា ទាហាន​យើង​ទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំ​គ្រង​របស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។

លោក Jurg Montani បានបញ្ជាក់ដែរថា ក្រុមការងារគណៈកម្មាធិការ​កាកបាទ​ក្រហមអន្តរជាតិ បានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួល​បាន​ពីភរិយា បងប្អូន និងកូនៗរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង ១៨នាក់ ក៏បានសរសេរសារតបត្រឡប់មកវិញ ដោយស្របតាម​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ។ លោកមានប្រសាសន៍សង្កត់ធ្ងន់ថា «សារដំណឹងគ្រួសារនេះ មិនមាន​នរណាម្នាក់ដឹងពីខ្លឹមសារនៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះ​ជា​ការសម្ងាត់។ ដោយឡែកពាក់ព័ន្ធជាមួយរូបភាពវីរយុទ្ធជន គឺយើងមិនអាច​បញ្ចេ​ញ​រូបភាព​បានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។»

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសក្រាក់​សស្រាំ​ឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យ​ភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបាន​ឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់​កង​កម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner