សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាថៃរាយបន្លាលួសនៅអូរបីជាន់ ជាជម្លោះរវាងប្រទេស និងប្រទេស ដែលយន្តការដោះស្រាយ គឺរវាងប្រទេស និងប្រទេស
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាថៃ រាយបន្លាលួសនៅអូរបីជាន់ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជន និងប្រជាជនទេ ដែលយន្តការដោះស្រាយ គឺរវាងប្រទេស និងប្រទេស ។
សម្ដេចតេជោ បញ្ជាក់ដូច្នេះតាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ឆ្លើយតបនឹងខមិនរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ Chilang Pich ដែលបានជម្រាបសម្តេចថា បច្ចុប្បន្នប្រជាជន កំពុងរងការឈ្លានពានពីកងទ័ព សៀម ជាពិសេសនៅអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដែលបានរាយបន្លាលួសព័ន្ធយកដីប្រជាជនយ៉ាងអាណាធិបតេយ្យ ។ ប្រជាពលរដ្ឋកំពុងតែពិបាកចិត្តដែលគ្មានទីលំនៅជ្រកកោន កំពុងរងចាំរាជរដ្ឋាភិបាលដោះស្រាយ តែឥលូវពួកគាត់ មិនទាន់ឃើញ មានយន្តការណ៍ដោះស្រាយជូនពួកគាត់ទេ ។ សូមសម្តេចជួយដល់ប្រជាជនយើងផង ។
ឆ្លើយតបនឹងមតិលើកឡើងនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សូមមើលឲ្យទូលាយបន្តិច, នេះមិនមែនជាជម្លោះព្រំដីរវាងប្រជាជន និងប្រប្រជាជនទេ តែជាជម្លោះរវាងប្រទេស និងប្រទេស ដែលយន្តការដោះស្រាយគឺរវាងប្រទេស និងប្រទេស ។
សម្ដេចតេជោ បានបន្តថា សម្រាប់យន្តការដោះស្រាយនៅហ្នឹងកន្លែង អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធរកវិធីជួយដល់ប្រជាជន តែខិតខំបញ្ចៀសកុំឲ្យកើតសង្គ្រាមឡើងវិញដែលនាំទៅដល់ការបាត់បង់ជីវិតទាំងសងខាង ៕
ដោយ ៖ វណ្ណលុក

