ប្រធានាធិបតីឥណ្ឌូនេស៊ីដូររដ្ឋមន្ត្រី ៥រូប បន្ទាប់ពីផ្ទុះការតវ៉ារញ្ជួយប្រទេស

ហ្សាកាតា ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានប្តូររដ្ឋមន្ត្រីចំនួន ៥រូបភ្លាមៗ នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីលឿនដូចផ្លេកបន្ទោល ក្រោយផ្ទុះការតវ៉ាដ៏ធំធ្វើឲ្យរញ្ជួយប្រទេសមានប្រជាជនចំនួន ២៨៥លាននាក់មួយនេះ។

រដ្ឋមន្ត្រីចំនួន ៥រូបដែលបាត់បង់តំណែង រួមមានរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី Sri Mulyani Indrawati និង រដ្ឋមន្ត្រីសម្របសម្រួលផ្នែកនយោបាយ និងសន្តិសុខ លោក Budi Gunawan។

លោកប្រធានាធិបតី Prabowo បានជ្រើសរើសសេដ្ឋវិទូ លោក Purbaya Yudhi Sadewa ជំនួសតំណែងលោកស្រី Indrawati ជារដ្ឋមន្ត្រីហិរញ្ញវត្ថុដែលកាន់តំណែងយូរបំផុតរបស់ឥណ្ឌូនេស៊ី។

លោកប្រធានាធិបតី Prabowo ក៏បានដករដ្ឋមន្ត្រីសហប្រតិបត្តិការ យុវជន និងកីឡា និងរដ្ឋមន្ត្រីការពារពលករអន្តោប្រវេសន៍ផងដែរ។

ការតវ៉ាដោយហិង្សាបានរួមរឹតប្រទេសអាស៊ានមួយនេះកាលពីខែមុន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សមាជិកសភាទាំង ៥៨០រូបបានទទួលប្រាក់ឧបត្ថម្ភ សម្រាប់ការស្នាក់នៅប្រចាំខែចំនួន ៣.០៧៥ដុល្លារ បន្ថែមលើប្រាក់ខែរបស់ពួកគេ។

ហើយភាពរង្គោះរង្គើក្នុងគណៈរដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ កើតឡើងបន្ទាប់ពីការកើនឡើងការមិនពេញចិត្តជាសាធារណៈ ចំពោះរដ្ឋបាលរបស់លោកប្រធានាធិបតី Prabowo និងភាពអសកម្មរបស់សភាជុំវិញវិបត្តិសេដ្ឋកិច្ច ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាជន រហូតដល់ផ្ទុះការតវ៉ាទ្រង់ទ្រាយធំកាលពីចុងខែសីហាតែម្តង៕

ប្រភព ៖ aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner