តំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកចង្ហាន់បិណ្ឌបាត ទេយ្យវត្ថុ ប្រគេនព្រះសង្ឃ វេនកាន់បិណ្ឌទី២ នៅវត្តទួលសុវណ្ណារាម (ហៅវត្តទួលសង្កែ)

(ភ្នំពេញ)៖ លោកជំទាវ ម៉ែន សំអ៊ីន និង លោកជំទាវ ម៉ែន សំអូន តំណាងសម្តេចកិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ រួមជាមួយ ក្រុមប្រឹក្សាខណ្ឌ អភិបាលរង មន្ត្រីរាជការខណ្ឌឬស្សីកែវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តទួលសុវណ្ណារាម (ហៅវត្តទួលសង្កែ) ដែលស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងបានវេរចង្ហាន់​បិណ្ឌបាត ទេយ្យវត្ថុ ចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់មាតា បិតា ជីដូន ជីតា ញាតិកា និងបុព្វបុរសដែលបានទទួលមរណកាលទៅ។

តាមរយៈពិធីកាន់បិណ្ឌនេះ លោកជំទាវ ម៉ែន សំអ៊ីន និងលោកជំទាវ ម៉ែន សំអូន សូមជូនមហាកុសលផលបុណ្យ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ទាំងអស់ ដែលកំពុងបំពេញភារកិច្ចរៀងៗខ្លួនយ៉ាងសស្រាក់សស្រាំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត សូមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារ និងរកទទួលទានបានដ៏ល្អប្រពៃ ក្នុងសន្តិភាពដ៏ល្អផូរផង់នៃយើងទាំងអស់គ្នា។

សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវវស្សា ពីព្រោះរដូវនេះមានភ្លៀងធ្លាក់បង្កឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។ នៅក្នុងឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner