មេធំ UN ប្រកាសថ្កោលទោសអ៊ីស្រាអែល ដែលវាយប្រហារប្រទេសកាតា
ដូហា ៖ ប្រមុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធ ទី១០ ខែកញ្ញា នេះ បានប្រកាសថ្កោលទោស ការរំលោភយ៉ាងខ្លាំង របស់អ៊ីស្រាអែល លើអធិបតេយ្យភាពរបស់កាតា តាមរយៈការវាយប្រហារ លើប្រទេស មួយនេះ។
លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារ របស់អ៊ីស្រាអែល លើប្រទេសកាតា ដោយបានចាត់ទុក ថា ជាការរំលោភ លើអធិបតេយ្យភាព របស់រដ្ឋាភិបាល ទីក្រុងដូហា។
លោក Guterres បានប្រាប់សន្និសីទសារព័ត៌មាន ថា «យើងទើបតែដឹង អំពីការវាយប្រហារ របស់អ៊ីស្រាអែល ក្នុងប្រទេសកាតា ជាប្រទេសមួយ ដែលបាននិងកំពុងដើរតួជាវិជ្ជមាន ក្នុងការសម្រេចបានបទឈប់បាញ់ និង ការដោះលែងចំណាប់ខ្មាំងទាំងអស់។ ខ្ញុំសូមថ្កោលទោស ចំពោះការរំលោភ លើអធិបតេយ្យភាព និង បូរណភាពទឹកដី នៃប្រទេសកាតា»។
រីឯ ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្តីបន្ទោសដ៏កម្រ លើមេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu ផងដែរ ក្រោយអ៊ីស្រាអែលវាយប្រហារ នៅប្រទេសកាតា កាលពីថ្ងៃអង្គារ។
គួរបញ្ជាក់ថា អ៊ីស្រាអែល ទើបបានវាយប្រហារលើប្រទេសកាតា ដោយអះអាងថា តាមកំចាត់មេដឹកនាំក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធ ដែលអ៊ីស្រាលប្តេជ្ញាកម្ទេច ក្នុងតំបន់ហ្គាហ្សា។ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា ការវាយប្រហារនេះ គឺជាការទទួលខុសត្រូវ របស់អ៊ីស្រាអែល។
ក្រុមហាម៉ាស់ បានរាយការណ៍ថា មនុស្ស ៦ នាក់ ត្រូវបានសម្លាប់ រួមទាំង កូនប្រុសរបស់មេដឹកនាំនិរទេសខ្លួនម្នាក់ ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ផងដែរ ប៉ុន្តែ បានបន្ថែមថា អ្នកចរចាជាន់ខ្ពស់ និងមន្ត្រីកំពូលរបស់ខ្លួនបានរួចជីវិតទាំងអស់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
