អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រកាសព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំ ពិសេសលើកទី១ របស់ GBC ដែលបានប្រព្រឹត្តទៅនៅ ខេត្តកោះកុង
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីលទ្ធផលនៃកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយបានបញ្ចប់ទៅ នៅវេលាម៉ោង ១១:១៥នាទីថ្ងៃដដែល នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ។
កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុរួម និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី១នេះ ហើយបាន បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ៕


ដោយ ៖ វណ្ណលុក