កាតា ថា បន្តសម្របសម្រួលនៅហ្គាហ្សា ទោះត្រូវអ៊ីស្រាអែលវាយប្រហារ
ដូហា ៖ កាតាបានអះអាង នៅថ្ងៃទី១០ ខែកញ្ញានេះ ថា នឹងបន្តការសម្រុះសម្រួល ដោះស្រាយបញ្ហាសង្គ្រាម នៅតំបន់ហ្គាហ្សា បើទោះជា អ៊ីស្រាអែល បានវាយប្រហារ ទៅលើទីក្រុង ដូហា ក៏ដោយ។
នាយករដ្ឋមន្ត្រី របស់ប្រទេសកាតា Sheikh Mohammed bin Abdulrahman Al Thani បានអះអាងថា ប្រទេសកាតានឹងបន្តព្យាយាមសម្របសម្រួល បទឈប់បាញ់ និង ការដោះលែងចំណាប់ខ្មាំង នៅក្នុងតំបន់ហ្គាហ្សា បើទោះបីជា អ៊ីស្រាអែលបានវាយប្រហារ ទៅលើបរិវេណ ក្រុមហាម៉ាស់ ក្នុងទីក្រុងដូហា កាលពីថ្ងៃអង្គារ ក៏ដោយ។
នាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាន ថា «គ្មានអ្វីនឹងរារាំងយើង ពីការបន្តការសម្របសម្រួល នៅក្នុងតំបន់ នេះទេ»។
មនុស្ស ៦នាក់បានស្លាប់ រួមទាំង កូនប្រុសរបស់កំពូលអ្នកចរចា ក្រុមហាម៉ាស់ Khalil al-Hayya និង មន្ត្រីសន្តិសុខកាតា ម្នាក់ នៅក្នុងការវាយប្រហារ តាមអាកាស មិនធ្លាប់មាន ពីមុនមក ដែលបានគម្រាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសង្គ្រាម នៅហ្គាហ្សា។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងដូហា ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់សហរដ្ឋអាមេរិក បានធ្វើជាម្ចាស់ផ្ទះ ដាក់មូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុត នៅក្នុងតំបន់ បានរៀបចំការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ ចាប់តាំងពីឆ្នាំ ២០១២ មក។
សេតវិមាន បាននិយាយថា លោក ប្រធានាធិបតី Donald Trump មិនយល់ស្រប នឹងការសម្រេចចិត្ត របស់អ៊ីស្រាអែល ក្នុងការធ្វើសកម្មភាពយោធាទេ ហើយថា ខ្លួនបានព្រមាន កាតា ជាមុន អំពីការវាយប្រហារ ដែលចូលមក។ ប៉ុន្តែ កាតា បានបដិសេធ ថា មិនទទួលការព្រមានជាមុនទេ ដោយអះអាងថា ប្រទេសនេះ ត្រូវបានជូនដំណឹងដោយសហរដ្ឋអាមេរិក នៅបន្ទាប់ពីការវាយប្រហារ របស់អ៊ីស្រាអែល បានចាប់ផ្តើម តែប៉ុណ្ណោះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត