រដ្ឋមន្រ្តីក្រសួងការពារជាតិ ៖ កិច្ចប្រជុំ GBC ទទួលបានលទ្ធផលមួយជំហ៊ានទៀត ពីលើកិច្ចប្រជុំគណៈកម្មាធិការថ្នាក់យោធភូមិភាគ

(ភ្នំពេញ)៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា បានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្ធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុងដោយបានទទួលនូវលទ្ធផលមួយជំហ៊ានទៀត ពីលើកិច្ចប្រជុំគណៈកម្មាធិការថ្នាក់យោធភូមិភាគចំនួន ៤លើកកន្លងមកនេះ ។

ក្នុងសេចក្តីប្រកាសព័ត៌មាន រដ្ឋមន្រ្តីក្រសួងការពារជាតិឱ្យដឹង ក្រោយកិច្ចប្រជុំពិសេស លើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលមានខ្ញុំ និងឯកឧត្តម នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិ ថៃ ជាសហប្រធាន “យើងបានជួបប្រជុំគ្នានៅខេត្តកោះកុងនេះ ដើម្បីពិនិត្យតាមដានលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និង ដើម្បីដាក់ចេញនូវជំហានជាក់ស្តែងនានាដែលចាំបាច់ សំដៅអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមាន ប្រសិទ្ធភាព”។

ឯកឧត្តម ទៀ សីហា បានឱ្យដឹងថាកិច្ចប្រជុំនេះ បង្ហាញពីលទ្ធផលវិជ្ជមានមួយកម្រិតទៀត ពីលើការបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ ចំនួន ៤ លើក ដែលបានប្រព្រឹត្តទៅកាលពីខែមុន រវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពភូមិន្ទថៃ។ ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃនេះ ក្រុមការងារលេខាធិការដ្ឋានរបស់យើងទាំងពីរ បានជួបប្រជុំគ្នា នៅក្នុងខេត្តកោះកុង ក្រោមបរិយាកាសប្រកបដោយភាពជិតស្និទ្ធ និងការស្ថាបនា ដើម្បីត្រៀម សម្រាប់កិច្ចប្រជុំពិសេសលើកទី១នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។

ឯកឧត្តម ទៀ សីហា បានថ្លែងថា ៖ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួល នូវយុទ្ធោបករណ៍ និងសម្ភារៈយោធា។ ដើម្បីសម្រេចគោលបំណងខាងលើ ក្រុមការងារទាំងពីរនឹងជួបគ្នាក្នុង រយៈពេល ៣ សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំនេះ ដើម្បីចាប់ផ្តើមពិភាក្សាផែនការសកម្មភាព ដែលមានលក្ខណៈ ជាក់ស្តែង និងជាជំហានៗ ដោយការអនុវត្តផែនការនេះនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពី ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នាជាគោលការណ៍ទៅលើ លក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយរង់ចាំការអនុម័ត ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ក្នុងអំឡុងពេលរង់ចាំការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ភាគីទាំងពីរបានទទួលស្គាល់ នូវតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) និងបានឯកភាពគ្នាក្នុងការបន្តប្រើប្រាស់ យន្តការនេះ ដើម្បីធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។ យើងក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់នៃការទាក់ទងជាទៀងទាត់ រវាងយោធភូមិភាគ(កម្ពុជា) កងទ័ពភូមិភាគ (ថៃ) និងអង្គភាពតាមព្រំដែននៃភាគីទាំងពីរ ព្រមទាំងបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បី ដោះស្រាយបញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ ភាគីទាំងពីរបានបញ្ជាក់ថា ការពង្រឹងទំនាក់ទំនង នៅគ្រប់កម្រិត ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។

ក្នុងស្មារតីរួមគ្នានេះ ភាគីទាំងពីរបានឯកភាពគ្នាថា ការបញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មាន ក្លែងក្លាយ ការចោទប្រកាន់ និងការប្រើប្រាស់ពាក្យសម្តីញុះញង់ ទោះក្នុងទម្រង់ណាក៏ដោយ គឺមានភាពចាំបាច់ណាស់ ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។ក្នុងស្មារតីបង្កើនជំនឿទុកចិត្តនិងភាពជឿជាក់ទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរ ឡើងនៃទំនាក់ទំនង អង្គប្រជុំក៏បានពិភាក្សាករណីទាហានដែលត្រូវបានចាប់ខ្លួន ឆ្ពោះទៅរកការដោះលែងឱ្យបាន ឆាប់រហ័សតាមដែលអាចធ្វើទៅបាន ក្នុងពេលវេលាសមស្របណាមួយ ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌ និង ស្របតាមមាត្រា១១៨ នៃអនុសញ្ញាទីក្រុងហ្សឺណែវទី៣ ឆ្នាំ១៩៤៩ និងវិធានទី១២៨ (A) នៃច្បាប់ទំនៀមទម្លាប់ មនុស្សធម៌អន្តរជាតិ។

ចំពោះការងារដោះមីនមនុស្សធម៌ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារសម្របសម្រួលចម្រុះ ក្នុងរយៈពេល ១ សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេសនេះ ដែលដឹកនាំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការ ព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ ដោយមានការចូលរួមពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីកំណត់ និងឯកភាពដោយភាគីទាំងពីរ នូវតំបន់អាទិភាព ព្រមទាំងសម្របសម្រួលលើការរៀបចំផែនការ និងអនុវត្តការងារនេះ។ ភាគីទាំងពីរនឹងរៀបចំ ឱ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីអាចចាប់ផ្តើមកំណត់តំបន់សាកល្បងសម្រាប់ការងារដោះមីន ក្នុងរយៈពេល ១ ខែខាងមុខ។ សកម្មភាពនេះ នឹងចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

ការគ្រប់គ្រងព្រំដែន ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចម្រុះព្រំដែន (JBC) គឺជាយន្តការ ក្នុងការអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពគ្នាដោះស្រាយបាតុភាពនៅតាម បណ្តោយព្រំដែនដោយសន្តិវិធី សំដៅលើកកម្ពស់ភាពសុខដុមរវាងប្រជាជននៃប្រទេសទាំងពីរ។ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងរៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំនេះ ដោយប្រទេសថៃធ្វើជាម្ចាស់ផ្ទះ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner