ប្រជាពលរដ្ឋជាអតិថិជនបុរី ម៉ន ដានី គម្រោងទី២៩ ទទួលបានបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ ជំហានទី២ ចំនួន ១៤៥បណ្ណ
ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពន្លឿនរកដំណោះស្រាយសមស្របជូនដល់អតិថិជនបុរី ម៉ន ដានី ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ប៉ុន្តែស្នើសុំឱ្យមានការយោគយល់ និងឯកភាពគ្នា ដើម្បីជំរុញឱ្យដំណោះស្រាយនានា ដែលក្រសួងបានដាក់ជូនសម្រេចបានជោគជ័យឆាប់រហ័ស ។
ថ្លែងក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ម៉ន ដានី គម្រោងទី ២៩ ជំហានទី ២ ចំនួន ១៤៥បណ្ណ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍បញ្ជាក់ថា បញ្ហាវិវាទបុរីដែលតែងតែកើតមានឡើងនោះ គឺដោយសារម្ចាស់បុរីមិនទាន់យល់ដឹងច្បាស់អំពីដំណើរការច្បាប់ តាមរយៈការស្នើសុំលិខិតអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដី ដើម្បីឱ្យដឹងច្បាស់ថាតើដីឬទីតាំងរបស់ពួកគាត់ត្រៀមនឹងបង្កើតជាបុរីនោះ មានសុវត្ថិភាពតាមផ្លូវច្បាប់ឬយ៉ាងណា ដោយត្រូវបំពេញឱ្យបានគ្រប់លក្ខខណ្ឌ ក្នុងនោះត្រូវត្រួតពិនិត្យប្រព័ន្ធបង្ហូរទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបុរី ដើម្បីបង្កើតបរិយាកាសរស់នៅល្អប្រសើរសម្រាប់អ្នកនៅក្នុងបុរីផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់មន្ត្រីជំនាញរបស់ក្រសួង ដែលកំពុងសស្រាក់សស្រាំខិតខំព្យាយាមរកដំណោះស្រាយឱ្យបានសមស្រប ដល់ប្រជាពលរដ្ឋជាអតិថិជនបុរី ម៉ន ដានី ដោយនាពេលនេះបានប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ម៉ន ដានី គម្រោងទី២៩ ជំហានទី២ ចំនួន ១៤៥ បណ្ណ ហើយនឹងបន្តធ្វើជូនជាបន្តបន្ទាប់ទៀត ។ ដោយឡែកចំពោះអតិថិជនផ្សេងទៀតរបស់បុរី ម៉ន ដានី ដែលនៅសេសសល់មិនទាន់ទទួលបានដំណោះស្រាយទេនោះ ក្រសួងនឹងស្រង់ទិន្នន័យឡើងវិញ ដើម្បីផ្ដល់ជូនដំណោះស្រាយផ្សេងៗ ឬក៏ត្រូវឯកភាពគ្នាចាកចេញពីទីតាំងចាស់នេះដោយចាប់ឆ្នោតទៅរកទីតាំងថ្មីផ្សេងទៀត ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋជាអតិថិជនបុរី ម៉ន ដានី ដែលទទួលបានបណ្ណកម្មសិទ្ធិនាពេលនេះ ត្រូវរួមគ្នាបន្តកសាងភូមិនេះក្លាយជាភូមិឋានសុភមង្គល ជាភូមិឋានក្សេមក្សាន្តចាប់ពីពេលនេះរហូតតទៅអនាគត ៕









ដោយ / គ្រី សម្បត្តិ