ប៉ូឡូញចោទលោក Putin ត្រៀមខ្លួនឈ្លានពានប្រទេសដទៃទៀត បន្ទាប់ពីអ៊ុយក្រែន
វ៉ាសូវី ៖ មេដឹកនាំប៉ូឡូញបានព្រមាននៅថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានត្រៀមខ្លួនរួចជាស្រេច ក្នុងការឈ្លានពានប្រទេសនានាលើពិភពលោក ក្រោយលោកសម្រេចចិត្តចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន។
ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki ដែលទើបជាប់ឆ្នោតថ្មី បានប្រាប់អ្នកសារព័ត៌មានថា ពិតណាស់ ខណៈពេលពួកយើងរង់ចាំសន្តិភាពយូរអង្វែង សន្តិភាពអចិន្ត្រៃយ៍ ដែលចាំបាច់សម្រាប់តំបន់របស់យើង… យើងជឿជាក់ថា លោកប្រធានាធិបតី Putin បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈ្លានពានប្រទេសផ្សេងទៀត។
ដោយមិនបានបញ្ជាក់អំពីវិធានការជាក់លាក់ណាមួយ លោក Nawrocki បានបន្ថែមថា នោះហើយជាមូលហេតុដែលយើងកំពុងអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់យើង… យើងកំពុងអភិវឌ្ឍភាពជាដៃគូ និងទំនាក់ទំនងសម្ព័ន្ធមិត្តរបស់យើង។
ប្រធានាធិបតីប៉ូឡូញរូបនេះបន្ថែមថា បរិយាកាសសន្តិសុខនៅទូទាំងតំបន់បានផ្លាស់ប្តូរហើយ និងថាប្រធានាធិបតីអាមេរិក លោក Donald Trump គឺជាមេដឹកនាំតែមួយគត់លើពិភពលោកសេរី ដែលអាចបង្ខំលោក Putin ព្រមចរចាបញ្ចប់សង្គ្រាម។
កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Trump ក៏បានលើកឡើងពីការបញ្ជូនទាហានអាមេរិកបន្ថែមទៀតទៅកាន់ប៉ូឡូញ ខណៈដែលលោកបានស្វាគមន៍លោកប្រធានាធិបតី Nawrocki នៅសេតវិមាន។
គួរកត់សម្គាល់ ទាំងប៉ូឡូញ និងហ្វាំងឡង់ សុទ្ធតែមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី ហើយសមាជិករបស់អង្គការណាតូទាំង២ បានចាប់ផ្ដើមមានក្ដីបារម្ភ ដោយសារការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែននៅឆ្នាំ២០២២៕
ប្រភព ៖ Le Mond ប្រែសម្រួល ៖ ឈឹម ទីណា