ឯកឧត្តម ហ៊ុន ម៉ានី៖ កម្មវីធីពិព័រណ៍ផលិតផលខ្មែរ ដែលនឹងប្រព្រឹត្តទៅនា​ពេលខាង​មុខនេះ ដើម្បីបង្ហាញនូវស្មារតីនៃការរួបរួម សាមគ្គីឯកភាពគ្នា ក្នុងការគាំទ្រផលិត​ផលខ្មែរ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលល្ងាច​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ​រចនាសម្ព័ន្ធ ស.ស.យ.ក. ទូទាំងប្រទេស ដើម្បីផ្តល់ព័ត៌មាន និងផ្សព្វផ្សាយអំពីកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។ កិច្ចប្រជុំនេះមានការចូលរួមពី សមាជិក សមាជិកា ស.ស.យ.ក. រចនាសម្ព័ន្ធទូទាំងប្រទេសសរុបប្រមាណ ៣៣០ នាក់ តាមរយៈប្រព័ន្ធអនឡាញ Zoom។

ឯកឧត្តមប្រធានបានមានប្រសាសន៍ សួរសុខទុក្ខ និងសំណេះសំណាល​ជាមួយ​សមា​ជិក សមាជិកា រចនាសម្ព័ន្ធ ស.ស.យ.ក. ទូទាំងប្រទេស។ ឯកឧត្តមបានគូស​បញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ព័ត៌មាន និងធ្វើបទបង្ហាញ​អំពីកម្មវីធីពិព័រណ៍ផលិតផលខ្មែរ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ និងយក​ជា​ឱកាសដើម្បីអំពាវនាវឲ្យសមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ត្រៀមខ្លួនមក​ចូលរួមក្នុងកម្មវិធីដើម្បីបង្ហាញនូវស្មារតីនៃការរួបរួម សាមគ្គីឯកភាពគ្នា ក្នុងការគាំទ្រ​ផលិតផលខ្មែរ។

ឯកឧត្តមបានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តែង​តែ​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងពេលដែលប្រទេសជាតិជួបវិបិត្ត តាម​លទ្ធ​ភា​​ព​ដែលអាចធ្វើបាន។ មិនខុសពីសព្វមួយដង កម្មវិធីពិព័រណ៍ផលិតផលខ្មែរ គឺ​យើង​ចង់​ប្រមូលបងប្អូនខ្មែរ សមាជិក សមាជិកា ទាំងអស់ មកកន្លែងមួយរួមគ្នានាំ​យក​​ស្មារតីតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើង។ ឯកឧត្តម​បានបន្ថែមថាការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិកា ស.ស.យ.ក. មិនត្រឹមតែជាការ​មកមើលការតាំងពិព័រណ៍ប៉ុណ្ណោះទេ តែវត្តមានរបស់អ្នកទាំងអស់គ្នា គឺជាសម្លេង​ដ៏​រឹង​មាំ ក្នុងការបង្ហាញស្មារតីស្នេហាជាតិ និងការគាំទ្រឥតងាករេដល់រាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើង។

អង្គប្រជុំ បានបញ្ចប់ដោយស្មារតីភាតរៈ និងទទួលធាតុចូលពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា មកពីរចនាសម្ព័ន្ធ​ទូទាំង​ប្រទេស ដែលម្នាក់ៗ បានបង្ហាញពីការតាំងចិត្ត និងការត្រៀមខ្លួនរួចជាស្រេចដើម្បី​ចូលរួម និងផ្សព្វផ្សាយអំពីកម្មវិធីពិព័រណ៍ផលិតផលខ្មែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner