កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី៣ គ្រប់ភាគីពាក់ព័ន្ធ ឯកច្ឆ័ន្ទមិនលើកសំណើរតួរលេខណាមួយនោះទេដោយទុកជូនភាគីរាជរដ្ឋាភិបាលដើម្បីសម្រេច
(ភ្នំពេញ)៖ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី៣ ភាគីពាក់ព័ន្ធ បានឯកភាពកំណត់កិច្ចប្រជុំថ្ងៃនេះ គឺជាកិច្ចប្រជុំបញ្ជាក់ជំហរចុងក្រោយរបស់ខ្លួន។ ដោយយោងលើស្ថានភាពនៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់ សហរដ្ឋអាម៉េរិក និងស្ថានភាពជាក់ស្តែងនៃទីផ្សារការងារ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្នា ជាឯកច្ឆ័ន្ទមិនលើកនូវសំណើតួលេខណាមួយនោះទេ ដោយទុកជូនភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខណាមួយ ដោយផ្អែកលើភាពប្រកួតប្រជែង និងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា។
នេះបើយោងតាមលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី១ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានលើកឡើងថា ទាំងភាគីនិយក និងភាគីសហជីព ថាមិនលើកយកនូវតូរលេខណាមួយដើម្បីជជែកគ្នានោះទេ ដោយសារភាគីទាំងពីរក៏បានដឹងអំពីទីផ្សារការងារ ដើម្បីរួមគ្នាធ្វើការពង្រីក សំរាប់ស្វាគមយុវជនដែលត្រូវចូលទីផ្សារកាងារ និងទទួលយកបងអតីតពលករដែលធ្វើការនៅប្រទេសថៃត្រឡប់មករកការងារធ្វើនៅក្នុងប្រទេសវិញ។ ទន្ទឹមនិងនេះ ការប្រមើលផលប៉ះពាល់ក៏ដូចគោលនយោបាយកំណត់ពន្ធបដិការបស់សហរដ្ឋអាមេរិក មកបណ្តាប្រទេសនាំចេញផ្សេងៗ ដែលត្រូវរងចាំមើលទាំងអស់គ្នា។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក្នុងនាមសហជិពតំណាងឱ្យកម្មករនិយោជិក ក៏បានមើលឃើញពីផលប៉ះពាល់ និងចង់បានអ្នកវិនិយោគទុននៅក្នុងវិស័យផ្សេងៗទៀត ដើម្បីផ្តល់ឱកាសដល់បងប្អូនពលករមកពីប្រទេសថៃ និងយុវជន ទទួលបានការងារធ្វើ។
តំណាងភាគីនិយោជក បានមើលឃើញថា ការសម្រេចមិនស្នើរសំតម្លើងប្រាក់ឈ្នូល ពីសហជីព និងទទួលបានការគាំទ្រ ពីអ្នកវិនិយោគទុន មកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជាផងដែរ
តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពរួមគ្នាលើកនូវសំណូមពរចំនួន ៣ចំណុច ជូន សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអន្តរាគមន៍។អង្គប្រជុំបានឯកភាពគ្នា កំណត់កាលបរិច្ឆេទ នៃកិច្ចប្រជុំត្រីភាគីចុងក្រោយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៥:០០នាទី ដើម្បីបំពេញនីតិវិធីផ្លូវការចុងក្រោយ ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ២១លើក រួមមាន កិច្ចប្រជុំត្រីភាគី ចំនួន ៣លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីកម្មករនិយោជិតនិងភាគីនិយោជក ចំនួន ៣លើក, កិច្ចប្រជុំទ្វេភាគីរវាង តំណាងភាគីរាជរដ្ឋាភិបាលនិងភាគីកម្មករនិយោជិត ចំនួន ១លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីរាជរដ្ឋាភិបាលនិង ភាគីនិយោជក ចំនួន ២លើក, កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៧លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ តំណាងភាគីនិយោជក ចំនួន ៥លើក៕
អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា


















