នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកការរៀបចំរថយន្តក្រុងដឹកដោយឥតគិតថ្លៃ នឹងអាចជួយសម្រាលបន្ទុកខ្លះដល់ពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុង ៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយឥតគិតថ្លៃ ខណៈនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការរៀបចំនេះ នឹងអាចជួយសម្រាលបន្ទុកខ្លះដល់ពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាពករឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ។
សម្ដេចធិបតី បានលើកឡើងថា ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខ្ញុំបានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ ដោយក្នុងនោះ៖
១. រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។
២. រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧ គោលដៅ។ ព័ត៌មានលម្អិត សាលារាជធានីភ្នំពេញ និងផ្ដល់ជូនសាធារណៈជនក្នុងពេលឆាប់ៗខាងមុខ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្ឃឹមថា ការរៀបចំនេះនឹងអាចជួយសម្រួល និងសម្រាលបន្ទុកខ្លះ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ ៕
ដោយ ៖ វណ្ណលុក