លោក Netanyahu គំរាមវាយប្រទេសទាំងអស់ ដែលហ៊ានធ្វើបាបអ៊ីស្រាអែល
ហ្សេរុយសាឡឹម ៖ នាយក រដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានស្រែកគំរាមខ្លាំងៗថា អ៊ីស្រាអែលនឹងវាយប្រហារប្រទេសទាំងអស់ ដែលហ៊ានធ្វើបាបអ៊ីស្រាអែល មិនថា ក្រុមហ៊ូធីនៅយេម៉ែន ឬនៅប្រទេសផ្សេងទៀតក៏ដោយ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ក៏បានប្តេជ្ញាដែរថា អ៊ីស្រាអែលនឹងធ្វើសកម្មភាពប្រឆាំងសត្រូវរបស់ខ្លួននៅគ្រប់ទីកន្លែង ក្រោយវាយប្រហារដ៏សាហាវលើកាតា កាលពីថ្ងៃអង្គារ។
ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ បានបង្ហោះសារលើបណ្តាញសង្គម X ថា គ្មានកន្លែងណាដែលសត្រូវយើងអាចសង្ងំខ្លួនបានទេ និងថា អ្នកគ្រប់គ្នាដែលចូលរួមការសម្លាប់រង្គាលនៅថ្ងៃទី៧ ខែតុលានៅលើទឹកដីអ៊ីស្រាអែល នឹងត្រូវយកជីវិតមកទទួលខុសត្រូវទាំងស្រុង។
ការព្រមានធ្ងន់ៗរបស់មេដឹកនាំអ៊ីស្រាអែល កើតឡើងស្របពេលដែលប្រទេសនេះនៅថ្ងៃពុធ បានវាយប្រហារលើគោលដៅក្រុមឧទ្ទាមហ៊ូទីក្នុងប្រទេសយេម៉ែន រួមទាំងនៅរដ្ឋធានីសាណាអា ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពអ៊ីស្រាអែលបាននិយាយថា គោលដៅរបស់ខ្លួនរួមមានជំរុំយោធារបស់ពួកភេរវករ ទីស្នាក់ការទំនាក់ទំនងយោធារបស់ក្រុមហ៊ូធី និងកន្លែងផ្ទុកប្រេងឥន្ធនៈដែលក្រុមប្រដាប់អាវុធនេះប្រើប្រាស់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា